រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាពិគ្រោះយោបល់ ស្ដីពីការរៀបចំ និងការកសាងកម្មវិធីផែនការវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩

ខេត្តសៀមរាប: នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាពិគ្រោះយោបល់ ស្ដីពីការរៀបចំ និងការកសាងកម្មវិធីផែនការវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ ដោយអនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុងស្រុក ខណ្ឌ និងដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយផ្ដោតលើអាទិភាពគន្លឹះចំនួន៥ រួមមានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្រោមអធិបតីភាព ឯកឧត្តម ភូ សំអាត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្តឹក្សាខេត្ត និងលោក សុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

លោក សុខ ថុល អភិបាលរងខេត្ដ មានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងដ៏ចម្បង នៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតម្រូវឱ្យមានការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ការបង្ខិតសេវាឱ្យចូលកៀកទៅជិតប្រជាពលរដ្ឋ ការចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្រ ទាំងអស់នេះជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ លោកបន្ដថា ការរៀបចំកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលនីមួយៗនេះ ត្រូវបានឆ្លងកាត់តាមជំហានសំខាន់ៗចំនួន៣ ដែលនៅក្នុងជំហាននីមួយៗនោះ សុទ្ធតែបានឆ្លុះបញ្ចាំងឱ្យឃើញនូវគោលការណ៍ជាមូលដ្ឋានចម្បងៗនៃការចូលរួមពិគ្រោះយោបល់ការចែករំលែកព័ត៌មានពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់។ នៅថ្នាក់រដ្ឋបាលឃុំ សង្កាត់ គឺមានការចូលរួមផ្ទាល់ពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនក្នុងការផ្ដល់នូវបញ្ហា តម្រូវការជាក់ស្តែង ដើម្បីធានាបាននូវសមធម៌ តម្លាភាព និងគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ។

លោកអភិបាលរងខេត្ត បន្ថែមថា សម្រាប់ការរៀបចំកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្រុក គឺត្រូវរៀបចំឡើងដោយផ្អែកលើតម្រូវការពីអ្នកពាក់ព័ន្ធជាច្រើន ដែលក្នុងនោះក៏បានតម្រូវឱ្យប្រមូលព័ត៌មានតម្រូវការរបស់រដ្ឋបាលឃុំ សង្កាត់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ។ ទន្ទឹមនឹងនេះការរៀបចំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក តម្រូវឱ្យពិនិត្យមើលតម្រូវការនានារបស់មន្ទីរអង្គភាពជុំវិញខេត្ត និងតម្រូវការរបស់អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា។

ឯកឧត្តម ភូ សំអាត សមាជិកក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា គោលបំណងសំខាន់នៃការរៀបចំវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលខេត្តនាថ្ងៃនេះ គឺដើម្បីសម្រេចឱ្យបានចំណុចមួយចំនួនដូចជា៖ ធ្វើការសម្របសម្រួល និងបន្ស៊ីគ្នា រវាងគម្រោងនានានៅក្នុងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់ខេត្តជាមួយនឹងគម្រោងនានាដែលមាននៅក្នុងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលក្រុង ស្រុក។ អភិវឌ្ឍន៍នានាដែលមាននៅក្នុងខេត្ត ដើម្បីធានាឱ្យបាននូវនិរន្តរភាព ប្រសិទ្ធភាពនៃការប្រើប្រាស់គម្រោងនិងការប្រើប្រាស់ថវិកា។ ធ្វើការកៀរគរធនធានពីប្រភពខាងក្រៅផ្នែករដ្ឋ ជាពិសេសពីអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងពីផ្នែកឯកជន ក្នុងការគាំទ្រដល់គម្រោងវិនិយោគជាអាទិភាពនានា ដែលបានលើកឡើងដោយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក។ ធ្វើការដាក់បញ្ចូលនូវគម្រោងនានាដែលបានលើកឡើងដោយមន្ទីរ អង្គភាពជុំវិញស្រុក អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងពីវិស័យឯកជននានាទៅក្នុងកម្មវិធីដែលមិនទាន់មានថវិកាគាំទ្រដើម្បីស្វែងរកការគាំទ្របន្តទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *