អភិបាលខេត្តបាត់ដំបង ក្រើនរំឭកដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវបន្តដាំដើមឈើឱ្យបានច្រើន នៅតាមទីប្រជុំជន និងតាមដងផ្លូវ

បាត់ដំបង ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើក្នុងយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមក្នុងក្រុងបាត់ដំបង។

ថ្លែងក្នុងពិធីដាំកូនឈើនៅតាមបណ្ដោយផ្លូវលេខ៥២០ ក្នុងសង្កាត់ស្លាកែត ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ការដាក់ឈ្មោះយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមគឺចង់ឱ្យបងប្អូនប្រជាពលរដ្ឋមានស្មារតីស្រឡាញ់បរិស្ថានបៃតង មានឆន្ទៈចូលរួមដាំដើមឈើ និងថែទាំដើមឈើដែលបានដាំហើយឱ្យបានលូតលាស់ល្អ។

ឯកឧត្តម រំលេចបន្ថែមថា កន្លងមកអាជ្ញាធរក្រុង សង្កាត់ បានខិតខំរំដោះដីចំណីផ្លូវសាធារណៈរបស់រដ្ឋ បើកផ្លូវឱ្យបានទូលាយដើម្បីបម្រើប្រយោជន៍សាធារណៈ និងដាំដើមឈើដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានបៃតង។

ឯកឧត្តម ក្រើនរំឭកដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវបន្តដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងតាមដងផ្លូវនៅតាមបណ្ដាក្រុង ស្រុក ឃុំ សង្កាត់ទូទាំងខេត្តបាត់ដំបង។
ឯកឧត្តម ណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថាន ត្រូវខិតខំបណ្ដុះកូនឈើព្រៃសម្រាប់ដាំតាមដងផ្លូវសាធារណៈ និងកូនឈើហូបផ្លែចែកជូនប្រជាពលរដ្ឋដាំនៅតាមលំនៅឋាន។

អាជ្ញាធរនិងប្រជាពលរដ្ឋបានបង្ហាញការសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមដែលផ្តួចដើមឡើងដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។
អាជ្ញាធរនិងប្រជាពលរដ្ឋ ចាត់ទុកការដាំដើមឈើពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកាត់បន្ថយកម្ដៅផែនដី លើកកម្ពស់សោភ័ណភាព និងបរិស្ថានបៃតងរបស់ក្រុងបាត់ដំបង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *