ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអាជ្ញាធរស្រុកស្វាយអន្ទរ នាំយកបច្ច័យ និងស៊ីម៉ងត៌ ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រគេនព្រះសង្ឃនៅវត្តថ្នល់ជ័យ

ខេត្ត​ព្រៃវែង៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាកិត្តិយសនាំយកបច្ច័យ និងសម្ភារសំណង់ ប្រគេនព្រះចៅអធិការវត្តថ្នល់ជ័យ ស្ថិតក្នុងឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

​ក្នុងពិធីប្រគល់ និងទទួលនេះក៏មានការចូលរួមអមដំណើរដោយ លោក ហៃ សំណាង អភិបាល នៃគណៈអភិបាលស្រុកស្វាយអន្ទរ ព្រមទាំងសហការី និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀត។

​អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដែលបានប្រគេនជូននាឱកាសនោះ រួមមាន៖
​បច្ច័យ ចំនួន ៤០,០០០,០០០ រៀល (សែសិបលានរៀល) និងស៊ីម៉ងត៌ ចំនួន ១០ តោន។

​ការចូលរួមប្រគល់បច្ច័យ និងសម្ភារសំណង់នាពេលនេះ គឺជាស្តែងឲ្យឃើញពីទឹកចិត្តជ្រះថ្លា និងការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ក្នុងការទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងវត្តថ្នល់ជ័យ ឲ្យកាន់តែមានភាពរីកចម្រើនឡើងថែមទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *