ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកថវិកា គ្រឿងឧបភោគបរិភោគ ប្រគល់ជូនវីរនគរបាល ប្រចាំការនៅសមរភូមិមុខ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។
ស្ថិតឱកាសក្នុងនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅបំផុតពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងជំនួសមុខឱ្យកងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងក្រៃលែងបំផុតចំពោះទឹកចិត្តវីរនគរបាល និងវីរកងទ័ពគ្រប់រូប ដែលបានពលិកម្មគ្រប់បែបយ៉ាង លះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពីការឈ្លានពានរបស់កងទ័ពសៀម។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង វិទ្ធី បានប្រគល់ជូននូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់វីរនគរបាលប្រចាំទិសក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយសរុបជាថវិការួមមានដូចជា:
ថវិកាចំនួន ១០លានរៀន មី ១៥០កេស, ទឹកសុទ្ធ ៨០០កេស, ទឹកក្រូច៥កេស, កាហ្វេ ១៥កញ្ចប់, ពងទា ២.៦៥០គ្រាប់, ប្រហុក ២៥គីឡូ, ទឹកសុីអុីវ ១៩យួរ, ទឹកត្រី ១៧យួរ, ត្រីងៀត ៩០គីឡូ, ត្រីខ ១៥ឡូ, សៀង ៥ យួរ, អំបិល ៥០គីឡូ, ប៊ីចេង ១០គីឡូ, ត្រសក់ចាវ ២៥០គីឡូ, សាច់ក្រក ៣០គីឡូ, ប្រហុកខ្ទិះ ១០គីឡូ, ងាំង៉ូវ ១០គីឡូ, ឆៃប៉ូវផ្អែម ១០០គីឡូ, សណ្ដានក្រៀម ៥គីឡូ និងសាប៊ូ ១០កញ្ចប់ ។
ទន្ទឹមនឹងនេះមិនត្រឹមតែជាការផ្តល់ជំនួយថវិកា និងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្សារភ្ជាប់ទំនាក់ទំនងរវាង “សមរភូមិក្រោយ និងសមរភូមិមុខ” ឲ្យកាន់តែជិតស្និទ្ធនិងរឹងមាំថែមទៀត៕

