ពោធិ៍សាត់ ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញទទួលបដិសណ្ឋារកិច្ច ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ ក្នុងឱកាសដែល ឯកឧត្តម បានដឹកនាំប្រតិភូចូលជួបសំណេះសំណាល សួរសុខទុក្ខ និងពិភាក្សាការងារ នារសៀលថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នៅសាលបន្ទប់រង់ចាំ នៃរដ្ឋបាលខេត្តពោធិ៍សាត់
ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាល និងស្នេហាជាតិ ឯកឧត្តម យឹម វិសិដ្ឋ ក៏បានពាំនាំនូវអំណោយឧបត្ថម្ភជាថវិកា និងប្រេងឥន្ធនៈ ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ រួមមាន៖ ថវិកាសរុប៖ ១២០,០០០,០០០ រៀល (មួយរយម្ភៃលានរៀល) និងប្រេងម៉ាស៊ូត ៤,០០០ លីត្រ។
អំណោយឧបត្ថម្ភទាំងនេះ ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីចាត់ចែងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ជាក់ស្តែង របស់កងទ័ពជួរមុខដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅទិសថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នាឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម យឹម វិសិដ្ឋ និងក្រុមការងារ ដែលតែងតែយកចិត្តទុកដាក់ និងចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ពិសេសការផ្តល់ការឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ ស្មារតីនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ស្មារតី និងជីវភាពរបស់កងទ័ព ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ៕

