(ពារាំង)៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វង្ស ពិសេន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សស្រុកពារាំង ប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារសម្រាប់ខែសីហា ឆ្នាំ២០២៦។
បន្ទាប់ពីស្ដាប់របាយការណ៍របស់លោក ឈុន សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សស្រុកពារាំង ឯកឧត្តម វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីគណបក្សក្នុងការចុះជាប់មូលដ្ឋាន អប់រំ និងផ្សព្វផ្សាយពីសមិទ្ធផលរបស់គណបក្ស និងរាជរដ្ឋាភិបាល ព្រមទាំងការរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។
ឯកឧត្តមប្រធានក្រុមការងារ ក៏បានណែនាំឱ្យមន្ត្រីគណបក្សគ្រប់ឃុំ-ភូមិ បន្តធ្វើបច្ចុប្បន្នភាពស្ថានភាពប្រជាពលរដ្ឋ និងកម្លាំងនយោបាយ តាមរយៈសៀវភៅគ្រប់គ្រង ដើម្បីពង្រឹងការកសាង និងពង្រីកសមាជិកបក្សថ្មី។
ក្នុងឱកាសនោះដែរ ឯកឧត្តម បានជំរុញឱ្យមន្ត្រីគណបក្សគ្រប់ថ្នាក់ ត្រូវត្រៀមលក្ខណៈអនុវត្តការងារតាមផែនការ និងដំណាក់កាលនីមួយៗ ដើម្បីឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ឱ្យទទួលបានជោគជ័យជូនគណបក្សប្រជាជនកម្ពុជា៕

