ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញ ចុះពិនិត្យ តាមដានការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវស្រែរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាប្រឈមខ្វះខាតទឹកស្រោចស្រព ស្ថិតក្នុងឃុំមេទឹក និងឃុំមួយចំនួនទៀត ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ញាប់ដៃញាប់ជើងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបង្វែរប្រភពទឹកសង្គ្រោះស្រូវស្រែប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជៀសវាងការខូចខាតផលដំណាំ។
ជាមួយគ្នានេះដែរ ឯកឧត្តមបានអំពាវនាវ និងប្រគល់ភារកិច្ចជូនអាជ្ញាធរភូមិ-ឃុំ ឱ្យបន្តតាមដានស្ថានភាពទឹកជាប្រចាំ និងជួយសម្របសម្រួលការបែងចែកទឹកប្រើប្រាស់ឱ្យបានស្មើភាពគ្នា ដើម្បីធានាថាស្រែដែលកំពុងប្រឈមខ្វះទឹកទាំងអស់ ទទួលបានទឹកស្រោចស្រព៕

