ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទឆ្នាំ២០២៦-២០៣៣

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទឆ្នាំ២០២៦-២០៣៣” និង “ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្ដីពីការផ្ទៀងផ្ទាត់លទ្ធភាពទទួលបានទឹកផឹកសុវត្ថិភាពសម្រាប់ទាំងអស់គ្នា” ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។ ពិធីដ៏វិសេសវិសាលនេះ រៀបចំឡើងនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាលរងរាជធានី/ខេត្តដែលជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទទាំង២៥រាជធានី ខេត្ត, តំណាងដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ, ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៅក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត។

ជាកិច្ចចាប់ផ្ដើម លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ដោយបានបញ្ជាក់ជូនអំពីដំណើរការនៃការរៀបចំផែនការយុទ្ធសាស្ដ្រ និងគោលបំណងនៃពិធីប្រកាស និងសិក្ខាសាលាពិគ្រោះយោបល់នេះផងដែរ។ ជាមួយគ្នានោះដែរ លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទី អង្គការភ្លែនអន្តរជាតិ បានឡើងថ្លែងចំណាប់អារម្មណ៍ ដោយបានបញ្ជាក់អំពីការចូលរួមគាំទ្រវិស័យអភិវឌ្ឍន៍ជនបទ ជាពិសេសការងារផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទនាពេលកន្លងមក។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងចំណាប់អារម្មណ៍រួចមក ឯកឧត្ដម ឆាយ ឫទ្ធិសែន បានសម្ដែងការអរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្រ្តីរាជការទាំងអស់ដែលបានចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នាពេលនេះ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់អំពីសមិទ្ធផល និងការអភិវឌ្ឍនានារបស់រាជរដ្ឋាភិបាល ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំបន្ដវេនប្រកបដោយគតិបណ្ឌិតនិងថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានជម្រាបជូនអំពីការចូលរួមចំណែករបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការអនុវត្តនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ និងផែនការយុទ្ធសាស្ដ្រនានារបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីចូលរួមចំណែកធ្វើឱ្យសម្រេចនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ពាក់ព័ន្ធនឹងការងារផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ជូនថា ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តនូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាល តាមរយៈការរៀបចំនិងអនុវត្តដោយជោគជ័យគួរជាទីមោទនៈ នូវផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២ជំហានកន្លងមកហើយ។ ផ្អែកលើគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ក្រសួងអភិវឌ្ឍន៍ជនបទបានសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ រៀបចំផែនការយុទ្ធសាស្រ្តស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទឆ្នាំ២០២៦-២០៣៣ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ ព្រមទាំងបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីគោលការណ៍ណែនាំស្ដីពី ការផ្ទៀងផ្ទាត់លទ្ធភាពទទួលបានទឹកផឹកសុវត្ថិភាពសម្រាប់ទាំងអស់គ្នា។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ដ្រី បានសំណូមពរដល់អង្គពិធីទាំងមូលសូមយកចិត្តទុកដាក់ពិភាក្សាឱ្យបានសកម្ម ក្នុងការផ្តល់ជាមតិយោបល់ដែលនឹងប្រើប្រាស់ជាធាតុចូលដើម្បីឱ្យការរៀបចំគោលការណ៍ណែនាំនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងប្រាកដនិយម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *