(ភ្នំពេញ) :នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង អាជ្ញាធរមីន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីកិច្ចសហប្រតិបត្តិការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីដែលបានបោសសម្អាតមីនរួច។
ក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា ចម្ការមីនដែលបានបោសសម្អាតរួច មិនមែនគ្រាន់តែជាការលុបបំបាត់គ្រោះថ្នាក់ប៉ុណ្ណោះទេ ថែមទាំងត្រូវប្រែក្លាយទៅជាដីផលិតកម្ម ដែលរួមចំណែកពង្រឹងសន្តិសុខស្បៀង អភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ និងកាត់បន្ថយភាពក្រីក្រ។ នេះជាការអនុវត្តជាក់ស្តែងនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចាត់ទុកថា «សន្តិភាពត្រូវតែប្រែក្លាយជាអ្វីដែលប្រជាពលរដ្ឋអាចរស់នៅបាន» ពោលគឺ ប្រែក្លាយសន្តិភាពទៅជាដីមានសុវត្ថិភាព ការងារ សន្តិសុខស្បៀង និងជីវភាពកាន់តែល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិត លី ធុជ បានសម្តែងនូវការគោរពដឹងគុណ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រកបដោយចក្ខុវិស័យ និងយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្ម និងសកម្មភាពមីនមនុស្សធម៌ ដោយតម្កល់សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋជាស្នូលនៃការអភិវឌ្ឍជាតិ។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការផ្សារភ្ជាប់សកម្មភាពមីនជាមួយវិស័យកសិកម្ម ដើម្បីប្រែក្លាយដីដែលធ្លាប់រងការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឱ្យក្លាយជាដីមានសុវត្ថិភាពសម្រាប់ការដាំដុះ បង្កបង្កើនផល និងបង្កើតប្រាក់ចំណូល។ អាជ្ញាធរមីនទទួលខុសត្រូវបោសសម្អាតដីឱ្យមានសុវត្ថិភាព ខណៈក្រសួងកសិកម្មនឹងផ្តល់បច្ចេកទេស ធាតុចូល និងការគាំទ្រទីផ្សារ ដើម្បីប្រែក្លាយដីទាំងនោះឱ្យក្លាយជាប្រភពផលិតកម្មប្រកបដោយចីរភាព។
ឯកឧត្តមបណ្ឌិត លី ធុជ បានឱ្យដឹងថា បច្ចុប្បន្ន ជាងពីរភាគបីនៃផ្ទៃដីដែលបានបោសសម្អាតមីន ត្រូវបានយកទៅប្រើប្រាស់សម្រាប់ការបង្កបង្កើនផល។ ជោគជ័យពិតប្រាកដនៃសកម្មភាពមីន គឺការប្រែក្លាយដីដែលមានសុវត្ថិភាពទាំងនោះទៅជាស្រែចម្ការ ស្រះត្រី និងប្រភពជីវភាពរបស់ប្រជាពលរដ្ឋ ដែលរួមចំណែកពង្រឹងសន្តិសុខស្បៀង អភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ និងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន សប្បុរសជន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា រហូតសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់ ព្រមទាំងបានអំពាវនាវឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាប្រែក្លាយចម្ការមីនទៅជាស្រែចម្ការ ប្រែក្លាយភាពភ័យខ្លាចទៅជាទិន្នផល និងវិបុលភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

