សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលសកម្មភាពការងារឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត!

ខេត្តព្រៃវែង៖ នៅថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលសកម្មភាពការងារឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ ផេង អុនប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការអញ្ចើញចូលរួមពីឯកឧត្តមអនុប្រធាន លោកហេរញ្ញិក សមាជិក សមាជិកា គណៈកម្មាធិការសាខាខេត្ត លោកស្រីបណ្ឌិតនាយិកាសាខាខេត្ត ក្រុមប្រតិបត្តសាខា គណៈកម្មាធិការ និងមន្ត្រីប្រចាំការអនុសាខាក្រុង-ស្រុក ទាំង១៣ សរុបអ្នកចូលរួមចំនួន ៤៦នាក់ ស្រី ៨នាក់។

នាឱកាសនោះ ឯកឧត្ដមអនុប្រធានអចិន្ត្រៃយ៍ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាខេត្ត ពិសេសសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

កិច្ចប្រជុំនេះមានរបៀបវារៈ ចំនួន ៥ចំណុច ដូចខាងក្រោម៖
១-ការរាយការណ៍សង្ខេប ស្ដីពីសកម្មភាពការងារ និងហិរញ្ញវត្ថុ សាខាប្រចាំឆមាសទី១ ឆ្នាំ២០២៦
២- ជម្រាបជូនអំពីយុទ្ធសាស្ត្របន្ត រយៈពេល ៥ឆ្នាំ និងឆ្លងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ (២០២៦-២០៣០) និងឆ្លងសមាសភាពក្រុមការងារឥស្សរៈឆ្នើមថ្នាក់ជាតិ នៃសាខាខេត្ត
៣- រាយការណ៍អំពីគ្រួសារងាយរងហានិភ័យ ទទួលផល ត្រូវជ្រើសរើស
៤- ការងារគ្រប់គ្រងនៅអនុសាខាក្រុង-ស្រុក
៥- បញ្ហាផ្សេងៗ

ជាកិច្ចបញ្ចប់ ឯកឧត្ដមអនុប្រធានអចិន្ត្រៃយ៍ បានមានមតិផ្តាំផ្ញើសមាជិក សមាជិកគណៈកម្មាធិការ សូមអនុវត្តតាមខ្លឹមសារនៃកិច្ចប្រជុំ និងជូនពរដល់សមាជិកនៃកិច្ចប្រជុំ ដែលមានវត្តមាននៅទីនេះ សូមទទួលបាននូវពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *