(កំពង់ចាម) នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ខ្លួន នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ប៉ាង ដានី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ព្រមទាំងមានវត្តមានសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ថ្លែងថា កិច្ចប្រជុំសាមញ្ញលើកទី២៦នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍ខេត្ត ការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រមទាំងការវាយតម្លៃលើលទ្ធផលការងារដែលរដ្ឋបាលខេត្តសម្រេចបាននាពេលកន្លងមក ដើម្បីបន្តជំរុញប្រសិទ្ធភាពការងារផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍក្នុងខេត្តកំពង់ចាមឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានអានរបាយការណ៍ដែលបានឆ្លុះបញ្ចាំងពីលទ្ធផល និងសមិទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាននៅក្នុងខែមិថុនា រួមមាន៖ការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ, ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ,ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានាផងដែរ៕

