ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការធ្វើជំរឿនមន្ត្រី គឺជាកាតព្វកិច្ច និងជាការទទួលខុសត្រូវ របស់មន្ត្រីរាជការគ្រប់រូប ក្នុងការចូលរួមបង្កើនប្រសិទ្ធភាពស្ថាប័នរដ្ឋ។
តាមរយៈបណ្ដាញសង្គម នាល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា «ថ្ងៃនេះ ខ្ញុំបានបំពេញរួចហើយនូវកាតព្វកិច្ចសំខាន់មួយក្នុងនាមជាមន្ត្រីរាជរដ្ឋាភិបាលមួយរូប គឺធ្វើជំរឿនមន្ត្រី»។
សម្ដេចធិបតី បន្ដថា «ការធ្វើជំរឿនមន្ត្រី គឺជាកាតព្វកិច្ច និងជាការទទួលខុសត្រូវ របស់មន្ត្រីរាជការគ្រប់រូប ក្នុងការចូលរួមបង្កើនប្រសិទ្ធភាពស្ថាប័នរដ្ឋ ព្រោះថា ការធ្វើជំរឿនមន្ត្រី គឺដើម្បីប្រមូលទិន្នន័យជាក់ស្តែង សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពង្រឹងរដ្ឋបាលសាធារណៈ លុបបំបាត់ភាពមិនប្រក្រតី និងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា «សូមមន្ត្រីរាជរដ្ឋាភិបាលទាំងអស់ ដែលមានកាតព្វកិច្ចធ្វើជំរឿនមន្ត្រី ចូលរួមឱ្យបានគ្រប់ៗគ្នា»៕

