អបអរសាទរ ពិធីប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ឃុំផ្អាវ ស្រុកបាធាយ

(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល, ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សឃុំផ្អាវ ស្រុកបាធាយ ចំនួន 2018នាក់ ស្ថិតនៅទៅស្នាក់ការគណបក្សស្រុកបាធាយ។

តំណាងសមាជិកគណបក្សប្រជាជនថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវ តាមគោលនយោបាយ និងលក្ខន្តិកៈបទបញ្ជា ផ្ទៃក្នុងរបស់គណបក្ស ប្រកបដោយភាពស្មោះត្រង់ និងឥតងាករេ។

ស្ថិតក្នុងបរិយាកាសដ៏រីករាយ ស្និទ្ធស្នាលនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្ដីសោមនស្សរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះបងប្អូនដែលមានស្មារតី និងឆន្ទៈចូលរួមគាំទ្រយ៉ាងក្លៀវក្លា ជាមួយគណបក្សប្រជាជនកម្ពុជា រហូតធ្វើពិធីប្រកាសទទួលស្កាល់នាពេលនេះ។ ទាំងនេះគឺដោយសារការមើលឃើញពីការដឹកនាំត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានបញ្ជាក់ថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ដែលត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អ រាល់សកម្មភាពបក្ស ទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់ នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាង កម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ លើការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ពោលគឺសមាជិកបក្សម្នាក់ រាប់ជាសន្លឹកឆ្នោតបានការ ១សន្លឹក។

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុប្រធានគណបក្ស៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *