ខេត្តសៀមរាប :លោក សៀក ប៉េងគាង អគ្គនាយករង ត្រូវបានប្រកាសតែងតាំងជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័ត សៀមរាប អាណត្តិទី៧ ជំនួស លោក ចាន់ សេងឡា អគ្គនាយកនៃរដ្ឋាករទឹកស្វយ័ត សៀមរាប អាណត្តិទី៦ ដែលត្រូវបានចូលនិវត្តន៍ ពិធីនេះ ធ្វើឡើងនៅរដ្ឋាករទឹកស្វយ័តសៀមរាប កាលពីថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការអញ្ជើញចូលរួមពីលោក ង៉ូវ សេង កាក់ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាល ឯកឧត្តម ឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងឯកឧត្តម ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និង សមាជិកក្រុមប្រឹក្សាភិបាលអណ្ណតិទី៧ ព្រមទាំងអស់ លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និង សហការីរដ្ឋាករទឹកសាធារណៈ ចូលរួមផងដែរ ។
ឯកឧត្តម ហែម វណ្ណឌី បានជំរុញដល់អគ្គនាយកថ្មី ឱ្យប្រកាន់ភ្ជាប់នូវវិន័យ សីលធម៌វិជ្ជាជីវៈ តម្លាភាព និងគុណភាពសេវា ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្គត់ផ្គង់ទឹកស្អាត។ ជាមួយគ្នានេះ ត្រូវពង្រឹងលើកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ទឹកស្អាត កាត់បន្ថយការប្រើប្រាស់ទឹកក្រោមដី ដែលជាកត្តារួមចំណែកប៉ះពាល់ដល់គ្រឹះប្រាសាទនានាក្នុងខេត្តសៀមរាប ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានកោតសរសើរចំពោះសមិទ្ធផលដែលកើតចេញពីការដឹកនាំរបស់អគ្គនាយកអាណត្តិកន្លងទៅ ដោយបានគូសបញ្ជាក់អំពីផែនការយុទ្ធសាស្ត្ររបស់ក្រសួង ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដោយកំណត់គោលដៅផ្គត់ផ្គង់ទឹកស្អាតនៅគ្រប់ទីប្រជុំជនឱ្យបាន ១០០% ត្រឹមឆ្នាំ២០២៥ និងសម្រេចគោលដៅទឹកស្អាតជាសកល ១០០% នៅឆ្នាំ២០៣០ ដោយផ្អែកលើបុរេលក្ខខណ្ឌ ៤គឺ៖ គុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវសុទិដ្ឋិនិយមថា តាមរយៈបទពិសោធន៍ដ៏យូរឆ្នាំរបស់អគ្គនាយកថ្មី អង្គភាពរដ្ឋាករទឹកស្វយ័តសៀមរាបនឹងកាន់តែរីកចម្រើន។ ឯកឧត្តមបញ្ជាក់បន្ថែមថា អគ្គនាយក និងក្រុមប្រឹក្សាភិបាល ត្រូវមានភារកិច្ចចំពោះមុខក្នុងការអនុវត្តកំណែទម្រង់ ដែលនឹងជះឥទ្ធិពលជាវិជ្ជមានដល់ការបង្កើនប្រសិទ្ធភាពគ្រប់គ្រង ដោយពង្រឹងការដឹកនាំ ចាត់ចែងការងារដោយភាពម្ចាស់ការ និងកាត់បន្ថយការការពឹងផ្អែកលើថវិកាជាតិ។ ជាពិសេសត្រូវបង្កើនការទទួលខុសត្រូវខ្ពស់ និងតម្លាភាពក្នុងការធ្វើអាជីវកម្ម និងការផ្តល់សេវា ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល។
យោងតាមរបាយការណ៍របស់រដ្ឋាករទឹកស្វយ័តសៀមរាប បានឱ្យដឹងថា ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ទឹកស្អាតក្នុងក្រុង អង្គភាពបានពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងនោះលើការពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ដោយសាងសង់រោងចក្រទឹកស្អាត ដែលមានសមត្ថភាពផលិត ៦០ពាន់ម៉ែត្រគូប ក្នុង១ថ្ងៃ ការពង្រីកបណ្តាញចែកចាយទឹកស្អាតសម្រេចបានប្រវែង ១២៤ ៣៥៧,៦០ម៉ែត្រ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ រដ្ឋាករទឹកស្វយ័តសៀមរាប មានបណ្តាញបញ្ជូនទឹកឆៅ បណ្តាញមេបញ្ជូនទឹកស្អាត បណ្តាញចែកចាយទឹកស្អាតប្រវែង ១ ៩៧គីឡូម៉ែត្រ ក្នុងកិច្ចសហប្រតិបត្តិការបច្ចេកទេសលើវិស័យទឹកស្អាត អង្គភាពកំពុងរៀបចំគម្រោងកសាងផែនការមេ ក្រោមជំនួយពីអង្គការ JICA និងកំពុងបន្តគម្រោងពង្រីកបណ្តាញចែកចាយទឹកស្អាតបន្ថែមទៀត ដោយប្រើប្រាស់ថវិកាកម្ចីពី AFD៕

