អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់

(កំពង់ចាម) នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានអនុញ្ញាតឱ្យ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងយល់ពីសក្តានុពលរបស់ខេត្តកំពង់ចាម។

ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូតនេប៉ាល់ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកំពង់ចាម។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពទូទៅ និងសក្តានុពលសេដ្ឋកិច្ច វឌ្ឍនភាពលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត។ សន្តិសុខ និងសណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយ និងបរិយាកាសវិនិយោគដ៏ល្អប្រសើរ ដែលទាក់ទាញដល់អ្នកវិនិយោគិន។

ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តកំពង់ចាម។ ឯកឧត្តមបានកោតសរសើរចំពោះការអភិវឌ្ឍន៍យ៉ាងលឿនរហ័សរបស់ខេត្តកំពង់ចាម និងបានបង្ហាញបំណងក្នុងការពង្រឹងទំនាក់ទំនង មិត្តភាព ក៏ដូចជាការស្វែងរកឱកាសកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា វិស័យទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *