ពិធីក្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសាលប្រជុំរបស់រដ្ឋបាលខេត្តសៀមរាប

ខេត្តសៀមរាប: ដើមី្បបំពេញតម្រូវការរបស់រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០២៦នេះ នៅសាលាខេត្តសៀមរាប បានរៀបចំប្រារព្ធពិធីក្រុងពាលី និង បញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារសាលប្រជុំថ្មី ជាផ្លូវការដែលមាន បណ្តោយ ៤៦ ម៉ែត្រ ទទឹង ២៦ម៉ែត្រ មានកម្ពស់ ៧,៥០ម៉ែត្រ ធ្វើអំពីថ្ម ប្រកក្បឿងស្រការលិញ ទៅតាមរចនាបទជាខ្មែរ ។ សាលប្រជុំនេះ មានចំណុះបានមនុស្សប្រមាណជាង ១ពាន់នាក់ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការនិមន្ត របស់សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ សមាជិកថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ និង មន្ត្រីសង្ឃ សូត្រជ័យន្តោធ្វើ ពិធីបញ្ចុះបឋម សិលាសាងសង់អគារសាលប្រជុំសាលាខេត្ត និង ការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកសមាជិកា ក្រុម ប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយក នាយករងទីចាត់ការ និង អង្គភាពចំណុះសាលា ខេត្ត ព្រមទាំងមន្ត្រីរាជការផងដែរ ។

ពិធីក្រុងពាលី បញ្ចុះបឋមសីលានេះ បានធ្វើឡើងតាមបែបព្រហ្មញ្ញសាសនា និងមានពីធីថ្វាយនូវគ្រឿងសក្ការៈ អុចធូបបួងសួងដល់បារមីវត្ថុស័ក្តសិទ្ធ ព្រះសង្ឃសូត្រជយន្ដោ ដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើន ដល់ការសាងសង់អគារសាលប្រជុំនេះ បានដំណើរការទៅដោយរលូន និង សុខសប្បាយ ។ ក្នុងនោះដែរឯកឧត្តម ប្រាក់ សោភ័ណ បានឲ្យដឹងថា ការសាងសង់អគារសាលប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប គឺជំនួសឲ្យអគារសាលប្រជុំបច្ចុប្បន្នដែលមានទំហំតូច នឹង ចំណុះមនុស្សបានតិច មិនបំពេញតម្រូវការដែល រដ្ឋបាលខេត្តចង់បាន ។ ម៉្យាងទៀតនៅពេលមានពិធីធំៗ ឬ សន្និបាតម្តងៗ យើងត្រូវចំណាយថវិកា ក្នុងការជួលទីតាំង នៅតាមសណ្ឋាគារធំៗ ។ ចំពោះការសាងសង់អគារសាលប្រជុំនេះឡើង យើងកាន់បន្ថយនូវការចំណាយបានមួយចំនួន ដើមី្បយកទៅទ្រទ្រង់ការងាររដ្ឋបាលផ្សេងៗទៀតផង។

ឯកឧត្តម ក៏បានធ្វើការណែនាំ និង ស្នើឱ្យក្រុមហ៊ុនសាងសង់ ត្រូវពិនិត្យគុណភាពសំណង់ជាចំបង សមស្របទៅតាមស្តង់ដារច្បាស់លាស់ កត្តាសំខាន់យកចិត្តទុកដាក់លើគុណភាព សំណង់ប្រើប្រាស់បានយូអង្វែង។ បន្ទាប់ពីពិធីបញ្ចុះបឋមសិលា រួចមកឯកឧត្តមអភិបាលខេត្តបានធ្វើការបញ្ជាគ្រឿងចក្របុកគ្រឹះអគារ និងមានការ និមន្ត សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ និង មន្ត្រីសង្ឃ សូត្រជ័យន្តោ ប្រោះព្រហ្ម សុំនូវសេចក្តីសុខដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ក្រុមវិស្វករសាងសង់ ដើមី្បឲ្យកិច្ចដំណើរសាងសង់អគារសាលប្រជុំថ្មីនេះ បានទៅដោយ រលូនទៀតផង ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *