(ស្វាយរៀង)៖ តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ទិវាមច្ឆាជាតិ ១កក្កដា លើកទី២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ថិតនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង។
គួររលឹកថា ទិវាមច្ឆាជាតិ កាលពីឆ្នាំ២០២៤ បានប្រារព្ធធ្វើឡើងនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ទិវាមច្ឆជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងបំផុសស្មារតី និងចលនាជាតិឱ្យចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍវិស័យជលផលប្រកបដោយនិរន្តរភាព។ រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការគន្លឹះ និងយុទ្ធសាស្ត្រសំខាន់ៗ តាមរយៈការកែទម្រង់ក្របខ័ណ្ឌច្បាប់ និងការបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ និងធានាថាធនធានជលផលនៅតែសម្បូរ សម្រាប់កូនចៅជំនាន់ក្រោយ។
ជាការកត់សម្គាល់នៅឆ្នាំ២០២៥ ផលជលផលទទួលបានសរុប ៩៧៨ ៥៦០តោន កើនឡើង៥,៦% ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះ ផលនេសាទទឹកសាប ៥១៤ ៨៣០តោន (កើនឡើង១០%) ផលនេសាទសមុទ្រ ១៤០ ១៦០តោន និងផលវារីវប្បកម្ម ៣២៣ ៥៧០តោន។ ការកើនឡើងនូវផលនេសាទទឹកសាបនេះ ក៏ដោយមានការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងមានការចូលរួមផ្តល់ព័ត៌មានពីមហាជន ដែលបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការលុបបំបាត់ការនេសាទខុសច្បាប់ ធានាបាននូវការកើនឡើងផលស្តុកត្រី និងការការពារប្រព័ន្ធអេកូឡូស៊ីទន្លេប្រកបដោយនិរន្តរភាព៕

