(ភ្នំពេញ) :នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវអភិបាលរង ឯកឧត្តមឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកស្នងការរងនគរបាលរាជធានី លោក លោកស្រីអភិបាលខណ្ឌទាំង១៤ លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។ បន្ទាប់ពីស្តាប់បាយការណ៍វឌ្ឍនភាពនៃការងារបង្រ្កាបរឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលរាយការណ៍ដោយលោកស្នងការរងរួច ក៏មានការចូលរួមជាមតិយោបល់ និងការលើកឡើងពីបញ្ហាប្រឈមរបស់រដ្ឋបាលខណ្ឌមួយចំនួន ក្នុងការអនុវត្តការងារកន្លងមក ជាពិសេសការចែករំលែក និងពិភាក្សារកដំណោះស្រាយសមស្របសម្រាប់អនុវត្តបន្តទៀត។
លោកស្រីអ្នកនាំពាក្យបន្តថា៖ ដើម្បីជាធាតុចូល និងការបង្កើនប្រសិទ្ធិភាពនៃការបង្រ្កាបបទល្មើសនេះ ឯកឧត្តម ឃួង ស្រេង បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ស្នងការដ្ឋាននគរបាលរាជធានី និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវអនុវត្តវិធានការជំនាញរបស់ខ្លួនឱ្យកាន់តែសកម្មថែមទៀត ជាពិសេសត្រូវជំរុញឱ្យមានការចូលរួមសហការពីម្ចាស់ទីតាំងសណ្ឋាគារ ខុនដូ ផ្ទះសំណាក់ ផ្ទះជួល ជាដើម ធ្វើយ៉ាងណាឱ្យការអនុវត្តអនុក្រឹត្យលេខ ០៣ កាន់តែមានប្រសិទ្ធិភាព រហូតឈានទៅបង្រ្កាបបទល្មើសបានទាន់ពេលវេលា។ ជាមួយគ្នានេះរដ្ឋបាលខណ្ឌទាំងអស់ត្រូវជំរុញចលនាចូលរួមរបស់ប្រជាពលរដ្ឋទូទៅ ធ្វើយ៉ាងណាលើកទឹកចិត្តដល់ពួកគាត់ឱ្យផ្តល់ព័ត៌មាន ក្នុងករណីប្រទះឃើញករណីសង្ស័យមានការប្រព្រឹត្តបទល្មើសនៅក្បែរ ឬក្នុងមូលដ្ឋានរបស់ពួកគាត់ ត្រូវរាយការណ៍ឱ្យអាជ្ញាធរដឹងដើម្បីចាត់វិធានការបង្រ្កាប។ ឯកឧត្តមអភិបាលក៏បានបន្តទៀតថា ជាមួយនឹងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងអាជ្ញាធរ កងកម្លាំង ម្ចាស់ទីតាំង និងប្រជាពលរដ្ឋទូទៅ យើងសង្ឃឹមយ៉ាងមុតមាំថាបោកសម្អាតករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នឹងអាចធ្វើទៅបានកាន់តែមានប្រសិទ្ធិភាពខ្ពស់៕

