ខេត្តពោធិ៍សាត់: នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យស្ថានភាពទូទៅ និងណែនាំឱ្យកែលម្អសោភ័ណភាព បរិស្ថាន ក្នុងបរិវេណសាលាបឋមសិក្សា ហ៊ុន សែន ភូមិស្ទឹង ដើម្បីជំរុញការលើកកម្ពស់គុណភាពបរិស្ថានសិក្សាឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវរួមគ្នាយកចិត្តទុកដាក់ខ្ពស់លើការកែលម្អសោភ័ណភាព និងការរៀបចំអនាម័យបរិស្ថាននៅក្នុងបរិវេណសាលារៀនទាំងមូលឱ្យមានភាពទាក់ទាញនិងស្រស់បំព្រង ប្រកបដោយបំណិន។
ឯកឧត្តម បានសង្កត់ធ្ងន់ថា ការបង្កើតបរិស្ថានបៃតង ស្អាត និងមានរបៀបរៀបរយ គឺមិនត្រឹមតែជួយលើកកម្ពស់សោភ័ណភាពសាលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសុខុមាលភាព និងទាក់ទាញស្មារតីសិស្សានុសិស្សឱ្យកាន់តែចង់មកសិក្សារៀនសូត្រ៕

