(កំពង់ចាម) អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ គឺជាកម្មវិធីយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុត ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ឯកឧត្តម ថ្លែងបែបនេះ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានគូសបញ្ជាក់ថា ជាក់ស្ដែងតាមរយះគោលនយោបាយបណ្តុះបណ្តាលយុវជនចំនួន ១,៥ លាននាក់ គឺជាការគិតគូរយ៉ាងល្អិតល្អន់ និងវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការបំប្លែងកម្លាំងពលកម្មកម្ពុជា ឱ្យទៅជាកម្លាំងពលកម្មជំនាញដែលមានតម្លៃខ្ពស់ ដើម្បីទាក់ទាញការវិនិយោគបន្ថែម។ «កម្មវិធីនេះមិនត្រឹមតែបង្រៀនជំនាញដោយមិនគិតថ្លៃសាលានោះទេ ប៉ុន្តែថែមទាំងមានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់សិស្ស-និស្សិតមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យថែមទៀតផង។
ឯកឧត្តម អភិបាលខេត្ត បន្តថាក្រោយពីបញ្ចប់ការសិក្សា យុវជននឹងទទួលបានចំណេះដឹង និងជំនាញមួយពិតប្រាកដ ដើម្បីយកទៅប្រកបរបបចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូលក្នុងគ្រួសារ បញ្ជៀសបានការធ្វើចំណាកស្រុកខុសច្បាប់ដោយប្រថុយប្រថាន ព្រមទាំងជំរុញបានការអភិវឌ្ឍកម្លាំងពលកម្មជំនាញមានវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត ប្រកបដោយ គុណភាព និងប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស បង្កើតបានធនធានមនុស្សមានកម្លាំងពលកម្មជំនាញ និងភាពប្រកួតប្រជែងខ្ពស់អាចធានាបានថា «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត»៕

