រដ្ឋបាលស្រុកស៊ីធរកណ្តាល ប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកថ្មី

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលស្រុកស៊ីធរកណ្តាល បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល ក្រោមអធិបតីភាព លោក អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត។ ​ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀតផងដែរ។


​នៅក្នុងឱកាសនោះ បន្ទាប់ពីសមាសភាពអភិបាលរងស្រុកថ្មីបានឡើងប្ដេជ្ញាចិត្តរួចមក លោក អន ភារៈ អភិបាលរងខេត្តព្រៃវែង បានថ្លែងអបអរសាទរ និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត។ លោកក៏បានសង្កត់ធ្ងន់ទៅលើតួនាទី និងការទទួលខុសត្រូវថ្មី ដោយបានផ្តល់ការណែនាំសំខាន់ៗមួយចំនួនដល់គណៈអភិបាលស្រុកដូចជា ​ត្រូវបង្កើនកិច្ចសហការ និងសាមគ្គីភាពឱ្យបានល្អរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ ត្រូវយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានតម្លាភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បន្តជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

​ការប្រកាសចូលកាន់មុខតំណែងនាពេលនេះ គឺជាការបំពេញបន្ថែមនូវរចនាសម្ព័ន្ធដឹកនាំរបស់រដ្ឋបាលស្រុកស៊ីធរកណ្តាល ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *