គណៈកម្មការទី៦ នៃរដ្ឋសភា ចុះពិនិត្យការអនុវត្តច្បាប់ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅខេត្តព្រៃវែង

ខេត្តព្រៃវែង: គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដឹកនាំដោយ ឯកឧត្តម អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះបំពេញបេសកកម្មការងារ និងជួបពិភាក្សាជាមួយរដ្ឋបាលខេត្តព្រៃវែង ដើម្បីតាមដាន និងវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌នៅមូលដ្ឋាន។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម តូច សេដ្ឋា សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហ៊ី ធួក អភិបាលរងខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត។

គោលបំណងសំខាន់នៃបេសកកម្មការងាររបស់គណៈកម្មការទី៦ នៃរដ្ឋសភានាពេលនេះ គឺដើម្បីស្វែងយល់ស៊ីជម្រៅលើការអនុវត្តច្បាប់សំខាន់ៗចំនួនពីរ រួមមាន៖ ច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋនៅថ្នាក់ក្រោមជាតិ។

រដ្ឋបាលខេត្តព្រៃវែង បានរាយការណ៍អំពីកិច្ចខិតខំប្រឹងប្រែងលើការងារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដោយផ្តោតលើការងារអាទិភាព ដូចជាការបង្ក្រាបបទល្មើសគ្រឿងញៀន និងសកម្មភាពក្មេងទំនើងយ៉ាងម៉ឺងម៉ាត់ ការទប់ស្កាត់ការទន្ទ្រានធនធានធម្មជាតិ បទល្មើសព្រៃឈើ និងជលផល និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់។ ដោយឡែក ចំពោះយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ខេត្តព្រៃវែងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់លើករណីវិវាទសរុបចំនួន ១២៤ ករណី។ ក្នុងនោះ រដ្ឋបាលខេត្តបានបន្តនីតិវិធីដោះស្រាយរួចរាល់ចំនួន ៣៤ ករណី សហការជាមួយស្ថាប័នតុលាការដោះស្រាយបញ្ចប់បានចំនួន ៤៨ ករណី និងកំពុងបន្តនីតិវិធីដោះស្រាយយ៉ាងសកម្មលើករណីសេសសល់ចំនួន ៤២ ករណីទៀត។

ក្រោយពីបានស្តាប់របាយការណ៍ ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តព្រៃវែង ជាពិសេស លើលទ្ធផលនៃការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដែលជាយន្តការដ៏មានប្រសិទ្ធភាព ក្នុងការជួយផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស និងនៅកៀកកិតជិតមូលដ្ឋាន។

ជាមួយគ្នានេះ គណៈកម្មការទី៦ នៃរដ្ឋសភា ក៏បានផ្តល់អនុសាសន៍គន្លឹះៗមួយចំនួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារបន្ត រួមមាន៖ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយករណីវិវាទដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ធានាបាននូវតម្លាភាព យុត្តិធម៌ និងការសម្របសម្រួលដោយសន្តិវិធី ដើម្បីកាត់បន្ថយការឡើងទៅតុលាការ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍។បង្កើនការអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្ស-និស្សិត នៅតាមមូលដ្ឋាន ឱ្យបានយល់ដឹងទូលំទូលាយពីល្បិចកលបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារទ្រព្យសម្បត្តិ និងសុវត្ថិភាពផ្ទាល់ខ្លួន។ ត្រូវបន្តធ្វើការណែនាំ និងពន្យល់ដល់ស្រទាប់យុវជនអំពីសារៈសំខាន់នៃកាតព្វកិច្ចយោធា ក្នុងការចូលរួមចំណែកការពារជាតិ មាតុភូមិ និងការបណ្តុះបណ្តាលវិន័យខ្លួនឯង។ បន្តយុទ្ធនាការបង្ក្រាបក្មេងទំនើង បទល្មើសគ្រឿងញៀន និងការទន្ទ្រានធនធានធម្មជាតិ ឱ្យកាន់តែម៉ឺងម៉ាត់បំផុត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការកសាងសង្គមមានសុវត្ថិភាព និងនីតិរដ្ឋរឹងមាំ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *