ពោធិ៍សាត់ ៖ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ស្តូបមិត្តភាពកម្ពុជា-វៀតណាម» និងសមិទ្ធផលនានា នៅខេត្តពោធិ៍សាត់ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា រួមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងៀន វ៉ន់ហ្គូវ សមាជិកគណៈកម្មាធិការមជ្ឈិមកុម្មុយនីស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ស្តូបមិត្តភាពនេះគឺជាសក្ខីភាពនៃការដឹងគុណ ចំពោះវីរកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតរួមជាមួយកងទ័ពកម្ពុជា ក្នុងការរំដោះជាតិ និងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ស្តូបនេះចាប់ផ្តើមសាងសង់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លើផ្ទៃដី ១៥.០០០ម៉ែត្រការ៉េ ដោយមានកម្ពស់ ២១ម៉ែត្រ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃសមិទ្ធផលនេះ ដែលជាស្តូបចុងក្រោយគេ ក្នុងចំណោមបណ្តាខេត្តនានា ដោយបានរំលឹកពីប្រវត្តិដ៏ជូរចត់ និងវីរភាពនៃការតស៊ូរួមគ្នារវាងកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពកម្ពុជា។ សម្តេច បានសង្កត់ធ្ងន់ថា ទំនាក់ទំនងការទូត កម្ពុជា-វៀតណាម មានរយៈពេល ៥៩ឆ្នាំមកហើយ ហើយឆ្ពោះទៅឆ្នាំ២០២៧ កម្ពុជា-វៀតណាម នឹងប្រារព្ធខួបអនុស្សាវរីយ៍គម្រប់៦០ឆ្នាំ នៃចំណងមិត្តភាពការទូត ដែលជាសញ្ញាណនៃភាពរឹងមាំ និងការយល់ចិត្តគ្នាទៅវិញទៅមក៕

