ពោធិ៍សាត់ ៖ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធី «ឆ្លុះបញ្ចាំង និងចែករំលែកបទពិសោធឧត្ដមានុវត្តន៍ សម្រាប់គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀន នៅតាមសាលារៀនគោលដៅ គ.វ.អ (តំបន់៣)» ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ.។ ពិធីនេះ ប្រារព្ធធ្វើឡើងនៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់
ពិធីនេះមានការអញ្ជើញចូលរួមពី គណៈប្រតិភូ និងថ្នាក់ដឹកនាំអប់រំមកពីខេត្តចំនួន ៥ រួមមាន៖ ខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តកោះកុង និងខេត្តប៉ៃលិន។
ក្នុងឱកាសនោះ ឯកឧត្តម ពេជ សោភ័ន បានគូសបញ្ជាក់យ៉ាងមុតមាំ អំពីសារៈសំខាន់នៃគុណភាពអប់រំ ដោយឯកឧត្តមមានប្រសាសន៍ថា លោកគ្រូអ្នកគ្រូ និងគណៈគ្រប់គ្រងសាលា គឺជា «សសរស្តម្ភ» ដ៏សំខាន់បំផុតក្នុងការកសាងធនធានមនុស្ស។ គុណភាពសិស្ស កើតចេញពីគុណភាពគ្រូ ហើយគុណភាពគ្រូ កើតចេញពីការគ្រប់គ្រងដឹកនាំដ៏ត្រឹមត្រូវ។
ឯកឧត្តម បានលើកទឹកចិត្តឱ្យមានការដកស្រង់បទពិសោធល្អៗពីគ្នាទៅវិញទៅមក ដោយមិនត្រូវរក្សាទុកតែម្នាក់ឯងនោះទេ ព្រោះចំណេះដឹងគឺជាកម្លាំងចលករដែលត្រូវតែចែកចាយ ដើម្បីឱ្យការអភិវឌ្ឍវិស័យអប់រំមានភាពស្មើគ្នា។ ឯកឧត្តម ជំរុញឱ្យសាលារៀនគោលដៅទាំងអស់ ត្រូវចាប់យកបច្ចេកវិទ្យាឌីជីថលមកប្រើប្រាស់ ក្នុងដំណើរកាគ្រប់គ្រង និងការបង្រៀន ដើម្បីឆ្លើយតបទៅនឹងបរិបទសកលភាវូបនីយកម្ម។
លោក ហេង សុភាណា អភិបាលរងខេត្ត ជួសមុខឱ្យ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីនេះ ដោយបានសន្យាថា នឹងបន្តជំរុញគ្រប់ស្ថាប័នក្នុងខេត្តឱ្យចូលរួមគាំទ្រវិស័យអប់រំ ដើម្បីឱ្យខេត្តពោធិ៍សាត់ក្លាយជាតំបន់គំរូ នៃគុណភាពអប់រំ នៅក្នុងតំបន់៣នេះផងដែរ៕

