ខេត្តព្រៃវែង: នៅព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោក អ៊ុំ ប៊ុនឡេង តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្ព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។
យោងអនុក្រឹត្យលេខ ៤៦៧ អនក្រ.តត រាជរដ្ឋាភិបាលកម្ពុជាសម្រេចតែងតាំង លោក វង្ស សេនវិសុត្ស ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៥ ជាអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែងថ្ម ជំនួសលោកស្រី សេង ទៀង ដែលត្រូវចូលនិវត្តន៍។
ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់៖ គណៈប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុកទាំង១៣ ប្រធានលេខាធិការរៀបចំការបោះឆ្នាត ប្រធានសាខាបេឡាជាតិសន្តិសុខសង្គម ប.ស.ស ខេត្ត ប្រធាសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ប្រធានគយចល័តផ្លូវជាតិលេខ១ និងលេខ៨ នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានផ្នែក ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន ក្រុមមេធារីប្រចាំសាលាខេត្ត អធិការនគរបាលក្រុង ស្រុក មេបញ្ជាការផ្នែកសឹងរងក្រុង ស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្រ្តីរាជការសាលាខេត្ត សរុបចំនួន ៣៦៤រូប។

