ខេត្តព្រៃវែង បើកសិក្ខាសាលារយៈពេល ២ថ្ងៃ ស្តីពីការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីជំរុញកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង មានរៀបចំពិធីបើកសិក្ខាសាលាដ៏មានសារៈសំខាន់មួយ ស្តីពីការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជាឆ្នាំ២០២៤-២០៣០ ដើម្បីតាមដាន និងជំរុញការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍។

​ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់រួមមាន៖
​ឯកឧត្តម ឈាង សុវណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត
​ឯកឧត្តម ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ស.អ.ប.អ.
​ឯកឧត្តម ជា ចាន់ទុំ អគ្គលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន គ.អ.ស.អ.ប.អ.

សិក្ខាសាលារយៈពេល ២ថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងតាមដាន និងជំរុញការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ខេត្តព្រៃវែង ស្របតាមការណែនាំបច្ចេកទេស។ សកម្មភាពទាំងនេះ ធ្វើឡើងក្នុងគោលដៅរួមគ្នាដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តរបស់កម្ពុជា នៅក្នុងសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ ទីក្រុងណៃរ៉ូប៊ី (Nairobi) ប្រកបដោយប្រសិទ្ធភាព និងចីរភាព។

​សមាសភាពចូលរួមក្នុងអង្គសិក្ខាសាលានេះ រួមមានមន្ត្រីរាជការ មន្ត្រីបច្ចេកទេសពាក់ព័ន្ធ និងតំណាងស្ថាប័នជុំវិញខេត្ត ដែលនឹងរួមគ្នាពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងទទួលយកការណែនាំបច្ចេកទេសសំខាន់ៗ យកទៅអនុវត្តនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងរយៈពេល ២ថ្ងៃនេះ ដើម្បីធានាឱ្យសម្រេចបាននូវសូចនាករដែលបានគ្រោងទុក ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រជាតិឆ្នាំ២០២៤-២០៣០៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *