(កំពង់ចាម): នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង សមាជិកគណៈអចិន្ត្រៃយ៍ស.ស.យ.ក.ថ្នាក់កណ្តាល, ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់ លោក ផេន សុផល ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងការកោតសសើ ចំពោះអតីត ប្រធានស.ស.យ.ក ខេត្តកំពង់ចាម លោក ហាន កុសល ដែលបាន ដឹកនាំស.ស.យ.ក. ខេត្តអស់រយៈកាលជាង១០ ឆ្នាំ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បាន ណែនាំឲ្យប្រធានស.ស.យ.ក (ថ្មី) ត្រូវខិតខំបំពេញភារកិច្ច និងតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព និង ការឯកភាពជាតិជាធ្លុងមួយ ដោយឈរលើឆន្ទៈមោះមុត ស្របតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងរាល់សេចក្តីសម្រេចចិត្តនានាដែលថ្នាក់ កណ្តាលបានដាក់ចេញ ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសសកម្មភាពយុវជនក្នុងការចូលរួមគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់។
អញ្ជើញមានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងការកោតសរសើរ អំពីការរីកលូតលាស់ និងការអភិវឌ្ឍជាបន្តបន្ទាប់របស់ ស.ស.យ.ក. ខេត្តកំពង់ចាម ហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ជាមួយគ្នានោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាង កក់ក្តៅចំពោះសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកំពង់ចាម ដែលបានចូលរួមក្នុងការ បំពេញបេសសកម្ម ធ្វើកិច្ចការងារសង្គម និងកាងារស្ម័គ្រចិត្តផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបញ្ជាក់ថា ស.ស.យ.ក. ប្រៀបដូចជាសាកលវិទ្យាល័យមួយដែលផ្តល់ឱកាសឲ្យយើងរៀនសូត្រពីគ្នាទៅវិញទៅមក ហើយរៀនសូត្រមិនចេះចប់៕

