ខេត្តពោធិ៍សាត់: នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងជាក់ស្តែងកន្លែងរៀបចំពិធីសម្ភោធ «ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់» ដែលពិធីនេះនឹងត្រូវប្រព្រឹត្តទៅនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។
ពិធីសម្ពោធនេះ នឹងត្រូវរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។ ការចុះពិនិត្យនេះ គឺដើម្បីធានាឱ្យបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភ័ណភាព ក្នុងការទទួលស្វាគមន៍ថ្នាក់ដឹកនាំជាន់ខ្ពស់ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ។
បន្ទាប់មក ឯកឧត្តម ខូយ រីដា បានបន្តដឹកនាំក្រុមការងារចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារជំងឺមិនឆ្លង នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់»។
សមិទ្ធផលផ្នែកសុខាភិបាលដ៏ថ្មីស្រឡាងមួយនេះ នឹងត្រូវកាត់ខ្សែបូសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃស្អែកនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីបម្រើដល់ផលប្រយោជន៍ និងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ទាំងមូល។
ក្នុងការចុះពិនិត្យផ្ទាល់នេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ការណែនាំ និងជំរុញដល់គ្រប់ផ្នែកពាក់ព័ន្ធ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីរៀបចំពិធីទាំងពីរនេះឱ្យប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងមានសុវត្ថិភាពខ្ពស់បំផុត៕

