រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ

(ភ្នំពេញ) :ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា ការប្រើប្រាស់យានយន្តអគ្គិសនី បានចូលរួមចំណែកសំខាន់ ដល់កិច្ចគាំពារបរិស្ថាន ជួយវិស័យការដឹកជញ្ជូនបៃតង និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការការពារបរិស្ថាន និងការលើកកម្ពស់ការប្រើប្រាស់រថយន្ត ដំណើរការដោយថាមពលអគ្គិសនី និងមេត្រីបរិស្ថាននៅប្រទេសកម្ពុជា” រវាង ក្រសួងបរិស្ថាន និងក្រុមហ៊ុន វ័នរ៉ូដ អ៊ិនដាសស្រួល (ខេមបូឌា) ឯ.ក នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ​២០២៦ នាទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា ការប្រើប្រាស់យានយន្តអគ្គិសនី (EV) ស្របតាមគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមរយៈការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (ឧស្ម័នកាបូនឌីអុកស៊ីត) ការកាត់បន្ថយការបំពុលខ្យល់ ចេញពីប្រេងឥន្ធនៈបញ្ចេញដោយយានយន្ត និងការលើកកម្ពស់ថាមពលបៃតង។ ឯកឧត្តម បានមានប្រសាសន៍ផងដែរថា ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា គឺជាយុទ្ធសាស្ត្រស្នូល ក្នុងការអនុវត្តរបាយការណ៍ រួមចំណែកជាតិ NDC3.0 តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីវិស័យដឹកជញ្ជូន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តសាធារណជនឱ្យចូលរួមអនុវត្ត យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន (https://data.opendevelopmentcambodia.net/km/library_record/circular-strategy-on-environment-2023-2028) ក្នុងការសម្រេចបាននូវសសរស្តម្ភទាំង៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីធានាបាននូវសុខុមាលភាព និងសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *