តាកែវ ៖ ឯកឧត្តម ផាន់ ចាន់ថុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំថ្នាក់ដឹកនាំខេត្តតាកែវ ត្រូវបន្ដយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសត្រូវបន្តអនុវត្តវិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។
ការណែនាំរបស់ឯកឧត្តម ផាន់ ចាន់ថុល នាឱកាសអញ្ជេីញងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តតាកែវ ចំនួន ៣រូប នារសៀលថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២៦។
ពិធីដ៏នេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឡាយ សុខា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងឯកឧត្តម លោកជំទាវ អមដំណើរគណៈអធិបតី សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក លោក-លោកស្រីអភិបាលក្រុង-ស្រុកទាំង១០ ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ចទាំង០៣ប្រភេទ មេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាច្រើនរូបទៀត។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល មន្ត្រីរាជការទាំង៣រូប ដែលត្រូវប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តតាកែវ នាឱកាសនេះ រួមមាន៖
១. លោក អម សុភា ពីអភិបាលរងខេត្តកំពង់ឆ្នាំង មកជាអភិបាលរងខេត្តតាកែវ
២. លោក ហែម ឫទ្ធី ពីអភិបាលរងខេត្តប៉ៃលិន មកជាអភិបាលរងខេត្តតាកែវ
៣. លោក ព្រុំ គន្ធិ ពីអភិបាលរងខេត្តកែប មកជាអភិបាលរងខេត្តតាកែវ
ជាមួយគ្នានោះផងដែរ ឯកឧត្តម ផាន់ ចាន់ថុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្តែងនូវការអបអរសាទរចំពោះអភិបាលរងខេត្តថ្មីទាំង ០៣រូប និងបានផ្ដាំផ្ញើឱ្យលោកទាំងបី ត្រូវសហការគ្នា ខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពវិន័យការងារ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងត្រូវចុះជិតស្និទ្ធជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីដោះស្រាយរាល់សំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានារបស់ពួកគាត់ ឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានមានប្រសាន៍ ណែនាំដល់ថ្នាក់ដឹកនាំខេត្តតាកែវ ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសត្រូវបន្តអនុវត្តវិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដើម្បីធានាបាននូវសុវត្ថិភាព របៀបរៀបរយសង្គម និងផ្ដល់ភាពកក់ក្តៅយ៉ាងពិតប្រាកដជូនប្រជាពលរដ្ឋ។
ឯកឧត្តម ផាន់ ចាន់ថុល បានគូសបញ្ជាក់បន្ថែមថា ការរៀបចំតែងតាំង និងប្រកាសចូលកាន់មុខតំណែងនាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងពង្រឹងសមត្ថភាពដឹកនាំ និងបង្កើនប្រសិទ្ធភាពការងារ ក្នុងការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ ឱ្យកាន់តែមានភាពល្អប្រសើរ ឆាប់រហ័ស និងខិតជិតប្រជាពលរដ្ឋបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕

