រដ្ឋបាលខេត្តព្រៃវែង បើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញ ស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ក្រោមអធិបតីភាព ឯកឧត្តម អន ភារៈ

ខេត្តព្រៃវែង: នាព្រឹកថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញ ស្តីពី «ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ»។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ (C) សាលាខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង។

​យោងតាមរបាយការណ៍អ្នករៀបចំកម្មវិធី វគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់៖
​លោក នាយករងរដ្ឋបាលសាលាខេត្ត ​លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ​លោកនាយកទីចាត់ការ និងប្រធានអង្គភាពសាលាខេត្ត ​លោក លោកស្រី គ្រូឧទ្ទេស និងមន្ត្រីចំណុះទីចាត់ការ អង្គភាពសាលាខេត្ត ​លោក លោកស្រី អភិបាលរងក្រុង ស្រុក ទាំង១៣ ​លោក លោកស្រី នាយករដ្ឋបាលសាលាក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ១០៧ រូប។

​វគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីរាជការ និងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានការយល់ដឹងច្បាស់លាស់ ស៊ីជម្រៅ ទៅលើតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ស្របតាមគោលនយោបាយកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល ក៏ដូចជាដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *