បាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានក្រើនរំឭកដល់មន្រ្តី និងអាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវសហការគ្នាពន្លឿនការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ និងមិនត្រូវទារកម្រៃសេវាក្រៅផ្លូវការខុសពីគោលការណ៍នោះទេ។
ការលើកឡើងរបស់ ឯកឧត្តម សុខ លូ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណជូនប្រជាពលរដ្ឋចំនួន ១,០៤៧គ្រួសារ ស្ថិតនៅឃុំខ្នាចរមាស ស្រុកបវេល។ ពិធីនេះធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅបរិវេណវត្តខ្នាចរមាស។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ខ្ពស់ចំពោះការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសសំដៅសម្រេចឱ្យបានព្រំដីដែលមានភាពច្បាស់លាស់កាត់បន្ថយទំនាស់ដីធ្លី។
ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកបន្តដល់កូនចៅជំនាន់ក្រោយ។
ឯកឧត្តម អភិបាលខេត្ត បានលើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយភាគីថៃ និងណែនាំដល់ប្រជាពលរដ្ឋត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ ពង្រឹងសាមគ្គីភាព រួបរួមគ្នាជាធ្លុងមួយគាំទ្រ និងជឿជាក់លើការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម អភិបាលខេត្ត ដាស់តឿនដល់ប្រជាពលរដ្ឋកុំជឿលើព័ត៌មានមិនពិត តាមដានព័ត៌មានពិតតាមបណ្ដាញសង្គមផ្លូវការ ត្រូវអប់រំកូនចៅឱ្យគោរពច្បាប់ចរាចរណ៍ រក្សាអនាម័យបរិស្ថាន ចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមប្រើប្រាស់កម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ចំពោះអ្នករាយការណ៍ករណីគ្រឿងញៀន។
សូមបញ្ជាក់ថា សម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលចេញដោយក្រសួងផែនការត្រូវបានលើកលែងចំពោះសេវាធ្វើបណ្ណកម្មសិទ្ធិដីធ្លី ចំណែកគ្រួសារទូទៅត្រូវបង់សេវា១ម៉ែត្រការ៉េ៤រៀលសម្រាប់ដីកសិកម្ម និង១ម៉ែត្រការ៉េ៣០រៀលសម្រាប់ដីសាងសង់៕

