ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឱ្យអាជ្ញាធរខណ្ឌត្រូវចុះត្រួតពិនិត្យរកទីតាំងសង្ស័យ ប្រព្រឹត្តបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ ឱ្យកាន់តែសកម្ម និងមិនត្រូវរាថយដាច់ខាត ។
ឯកឧត្ត ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ តែងតែណែនាំ និងសង្កត់ធ្ងន់ជាប់ជាប្រចាំ ចំពោះអភិបាលខណ្ឌទាំង ១៤ ត្រូវចុះត្រួតពិនិត្យទីតាំងសង្ស័យ ប្រព្រឹត្តបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា និងផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ ឱ្យកាន់តែសកម្ម និងរាថយដាច់ខាត ធ្វើយ៉ាងណាត្រូវតែធានាលុបបំបាត់ ឱ្យអស់នូវបទល្មើសក្នុងមូលដ្ឋាន របស់ខ្លួនទាំងស្រុង។
យោងតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹង នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះថា ជាក់ស្តែងគិតត្រឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង រដ្ឋបាលខណ្ឌទាំង១៤ បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅ ប្រតិបត្តិការបោសសម្អាតទីតាំង សង្ស័យប្រព្រឹត្តបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន ៩៤ទីតាំង រកឃើញ ជនបរទេសស្នាក់នៅសរុបចំនួន ៤៨០នាក់ (ស្រី ១៤៤នាក់) ក្នុងនោះជនបរទេសដែលស្នាក់នៅដោយពុំមានលិខិត ឆ្លងដែនមានចំនួន ៦នាក់។
លោកស្រី អ្នកនាំពាក្យ បញ្ជាក់ថា ក្រុមការងារបានរកឃើញបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ១ករណី នៅអគារទី០៥ ជាន់ទី១២ បន្ទប់១២០១ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ៣នាក់ ព្រមទាំងសម្ភាររួមមាន Laptopចំនួន ១គ្រឿង និងទូរស័ព្ទចំនួន ៣គ្រឿង។ តាមការធ្វើកោសល្យវិច័យ របស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រកឃើញថាមានជាប់ពាក់ព័ន្ធនឹងករណីសង្ស័យ ប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់បន្ថែមថា ក្រោយចប់ប្រតិបត្តិការ ជនសង្ស័យ និងសម្ភារខាងលើ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី ហើយចំពោះទីតាំងបន្ទប់ពាក់ព័ន្ធករណីនេះ ក្រុមការងារបានសម្រេច បិទឃ្លុំបណ្ដោះអាសន្ន។ ជាមួយគ្នានេះដែរថ្ងៃនេះស្នងការដ្ឋានននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ ចំនួន ២ទីតាំង មនុស្សចំនួន ៩នាក់ គិតជាថវិកា សរុបបានចំនួន ៣៦.០០០.០០០រៀល (សាមសិបប្រាំមួយលានរៀល)៕

