ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា និងសមិទ្ធផលនានា ស្ថិតនៅក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី ព្រមទាំងព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្ស សរុបប្រមាណ ៦៧២ អង្គ/រូប។
សមិទ្ធផលដែលត្រូវដាក់សម្ពោធរួមមានអគារមត្តេយ្យសិក្សា ចំនួន ១ខ្នង (ស្មើនឹង ៤បន្ទប់) ស្រះទឹក និងបន្ទប់កុំព្យូទ័រ
ខ្លោងទ្វារសាលាបឋមសិក្សា ហ៊ុន សែន ឈើកាច់ ខ្លោងទ្វារវត្តព្រះវិហារគុហ៍ និងសមិទ្ធផលរូបវន្តនានាជាច្រើនទៀត។
ក្នុងឱកាសដ៏ថ្លៃថ្លានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងក្រុមការងារ បានរៀបចំម្ហូបអាហារ និងភេសជ្ជៈយ៉ាងអាហារោសជារស ជូនដល់ក្មួយៗសិស្សានុសិស្សបានទទួលទានជាអាហារសាមគ្គីយ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង។
សមិទ្ធផលថ្មីៗទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា៕

