លោក សឿង សុជាតិ អភិបាលស្រុកកញ្ជ្រៀច ចុះបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១,២០០ម៉ែត្រ ក្នុងឃុំចុងអំពិល

ខេត្តព្រៃវែង: នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ លោក សឿង សុជាតិ អភិបាលនៃគណៈអភិបាលស្រុកកញ្ជ្រៀច បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ដែលជាគម្រោងមូលនិធិឃុំ ស្ថិតនៅក្នុងភូមិព្រៃត្បាល់ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។

​ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងស្រុក មន្ត្រីបច្ចេកទេសថ្នាក់ខេត្ត ក្រុមប្រឹក្សាឃុំ មេភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

​យោងតាមរបាយការណ៍បច្ចេកទេស ផ្លូវបេតុងអាមេថ្មីមួយខ្សែនេះ មាន​ប្រវែងសរុប ១,២០០ ម៉ែត្រ ​ទទឹង៥ ម៉ែត្រ ​កម្រាស់បេតុង០,១៥ ម៉ែត្រ (១៥ សង់ទីម៉ែត្រ) ជម្រាលជើងទេរ១:១,៥

​មានប្រសាសន៍ក្នុងឱកាសនោះ លោក សឿង សុជាតិ បានលើកឡើងថា សមិទ្ធផលផ្លូវបេតុងថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាដែលកើតចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតាមមូលដ្ឋាន ដើម្បីបម្រើឱ្យផលប្រយោជន៍ និងសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលនានារបស់បងប្អូនប្រជាពលរដ្ឋ។

​ជាមួយគ្នានេះដែរ លោកអភិបាលស្រុក ក៏បានផ្តាំផ្ញើដល់ក្រុមហ៊ុនទទួលការសាងសង់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ដើម្បីធានាបាននូវគុណភាព និងភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង។

លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ មេត្តាចូលរួមសហការ និងជួយសម្រួលដល់ដំណើរការសាងសង់ ព្រមទាំងជួយថែរក្សាការពារសមិទ្ធផលនេះទាំងអស់គ្នា ក្រោយពេលការដ្ឋានត្រូវបានរួចរាល់ជាស្ថាពរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *