ខេត្តព្រៃវែង: នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ស៊ាន ចិន្តា អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាម៉េ ចំនួន ១ខ្សែ ដែលមានទីតាំងស្ថិតនៅភូមិកំព្រៅ និងភូមិផាត់សណ្ដោង ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
ទិន្នន័យបច្ចេកទេសនៃគម្រោងផ្លូវ ជាប្រភេទផ្លូវបេតុងអាម៉េ (បេតុងដែក) មានប្រវែងសរុប១,២០០ ម៉ែត្រ ទទឹង ៤.៥ ម៉ែត្រ
និងកម្រាស់០.១៥ ម៉ែត្រ។ ប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំ ឆ្នាំ២០២៦។
ពិធីបើកការដ្ឋាននេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងស្រុក, នាយករងទីចាត់ការផែនការវិនិយោគខេត្ត, មន្រ្តីបច្ចេកទេសខេត្ត, មន្រ្តីគាំទ្រឃុំ, លោកមេឃុំ, សមាជិកក្រុមប្រឹក្សាឃុំ, ប្រធានមណ្ឌលសុខភាព, នាយកសាលា, នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ, អាជ្ញាធរភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលជាតំណាងអ្នកទទួលផលនៅក្នុងឃុំ សរុបប្រមាណជាង ១០០ នាក់។
ការសាងសង់ផ្លូវបេតុងអាម៉េថ្មីនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយបន្ថែមទៀត ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជួយសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ក៏ដូចជាការធ្វើដំណើររបស់សិស្សានុសិស្សទៅកាន់សាលារៀនបានកាន់តែងាយស្រួល និងសុវត្ថិភាពជាងមុន ព្រមទាំងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងអភិវឌ្ឍន៍មុខមាត់ឃុំព្នៅទី១ ឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត៕

