យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គមបានឱ្យដឹងថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដែលជាស្ថាបត្យកម្ម និងសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ជានិមិត្តរូបនៃសន្តិភាពពីការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅភូមិសាស្រ្តខេត្តកោះកុង។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា ក៏សូមឧទ្ទិសឱ្យមរតកសន្តិភាព និងមរតកសំណង់ប្រវត្តិសាស្ត្រនៅកម្ពុជា ក្លាយជាស្មារតីដឹងគុណចំពោះវីរជនអ្នកដែលបាននាំមកនូវសន្តិភាព វីរជនដែលកំពុងបន្តវេនការពារសន្តិភាព និងសូមឱ្យការសម្តែងនូវក្តីស្រឡាញ់ចំពោះសុខសន្តិភាពនេះ ក្លាយជាខឿនការពារជាតិដ៏រឹងមាំនិងមានសារៈសំខាន់បំផុតសម្រាប់ប្រជាជាតិកម្ពុជាដែលមិនអាចមានកម្លាំងអមិត្តណាមកបំបែកបំបាក់ឬបំផ្លាញបានឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

