សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តព្រៃវែង រៀបចំវេទិកាផ្សព្វផ្សាយស្តីពី «អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» នៅស្រុកពាមរក៍

ខេត្តព្រៃវែង: នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅសាលាស្រុកពាមរក៍ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តព្រៃវែង បានរៀបចំវេទិកាពិភាក្សានិងផ្សព្វផ្សាយ ក្រោមប្រធានបទ «អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» ដើម្បីពង្រឹងការយល់ដឹង និងជម្រុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

​វេទិកានេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព៖ ​លោក ឈិន សាវ៉ាត ប្រធានសាខាសមាគមស្រុក និងជាប្រធានក្រុមប្រឹក្សាស្រុកពាមរក៍ ​លោកស្រី មាស សិទ្ធី អនុប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ប៉ុក ឆុន ប្រធានសមាគម ​លោកស្រី ពុធ តារារត្នន៍ អភិបាលរងស្រុក តំណាងដ៏ខ្ពង់ខ្ពស់ លោក កែវ ពិសី អភិបាលនៃគណៈអភិបាលស្រុកពាមរក៍។ ​ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំសមាគម, រដ្ឋបាលស្រុក, មន្ត្រីជំនាញ, កងកម្លាំងទាំង៣ប្រភេទ, មេឃុំ, ជំទប់ទី១-ទី២, ស្មៀនឃុំ, ប្រធានកម្រង, តំណាងមណ្ឌលសុខភាព, ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ភូមិក្នុងស្រុកពាមរក៍ សរុបចំនួន ១១១ នាក់ (ក្នុងនោះមានស្រី ចំនួន ១៤ នាក់)។

​វគ្គផ្សព្វផ្សាយនិងវេទិកានេះ ធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងឱ្យកាន់តែច្បាស់លាស់អំពីនីតិវិធីច្បាប់ និងសារៈសំខាន់នៃការចុះបញ្ជីអត្រានុកូលដ្ឋាន (សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព) ក៏ដូចជាការងារអត្តសញ្ញាណកម្ម ជូនដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីអនុវត្តផ្ទាល់ និងប្រជាពលរដ្ឋ។ ជាមួយគ្នានោះដែរ វេទិកាក៏បានបើកឱកាសឱ្យមានការជជែកដេញដោល ឆ្លើយតបទៅនឹងបញ្ហាប្រឈម និងសំណូមពរនានាដែលកើតមានឡើងនៅក្នុងមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា សំដៅធ្វើយ៉ាងណាឱ្យការផ្តល់សេវាផ្នែកអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងតម្លាភាព។

​តាមរយៈវេទិកានេះ គណៈអធិបតីក៏បានផ្តាំផ្ញើ និងជម្រុញដល់អាជ្ញាធរឃុំ ប៉ុស្តិ៍រដ្ឋបាល និងស្មៀនឃុំទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារស្នូលមួយនេះ និងណែនាំដល់ប្រជាពលរដ្ឋឱ្យមកបំពេញកាតព្វកិច្ចចុះបញ្ជីឱ្យបានទាន់ពេលវេលា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *