គ្រួសារសពស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៥នាក់ មានទីលំនៅឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ី ធួក អនុប្រធានគណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខាខេត្ត លោកស្រីបណ្ឌិតនាយិកាសាខាខេត្ត ក្រុមប្រតិបត្តិសាខា ព្រមទាំងក្រុមការងារអនុសាខាស្រុក បុគ្គលិកកិច្ចសន្យា ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខគ្រួសារសពស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៥នាក់ មានទីលំនៅភូមិព្រៃក្រាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលបានទទួលមរណៈភាព នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងខេត្តស្វាយរៀង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអនុប្រធាន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ និងចូលរួមសោកស្តាយ ពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្ន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សម្ភារៈសាខាខេត្ត ផ្ដល់ជូនក្នុង ១គ្រួសារសព រួមមាន៖ ទឹកសុទ្ធ ២កេស ទឹកក្រូច ២កេស និងថវិកាចំនួន ១,០០០,០០០រៀល។
– ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងលោកជំទាវ ថវិកាចំនួន ១,២០០,០០០រៀល។
-អនុសាខាស្រុក ផ្ដល់ជូនក្នុង ១គ្រួសារសព រួមមាន៖ អង្ករ ៥០គ.ក ទឹកសុទ្ធ ២កេស ទឹកក្រូច ២កេស។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *