បាត់ដំបង៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញចុះតាមខ្នងផ្ទះ សួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ដែលទទួលបានពីសប្បុររសជនក្នុងឱកាសទិវា ៨ឧសភា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតមានចាស់ជរា ជនពិការ ស្រ្តីមេម៉ាយកូនច្រើន អ្នករស់នៅជាមេរោគអេដស៍ជំងឺអេដស៍ ចំនួន៧គ្រួសារ នៅក្រុងបាត់ដំបង និងស្រុកសង្កែ។
ឯកឧត្តមសុខ លូ បាននាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ទាំងអស់ដោយក្តីនឹករលឹកការស្រឡាញ់យ៉ាងជ្រាលជ្រៅថ្វីបើលោកមិនបានអញ្ជើញមកក៏ពិតមែន តែលោកតែងតែបានចាត់សាខា អនុសាខាចុះមកសាកសួរសុខទុក្ខដោយផ្ទាល់។ ឯកឧត្តម គូបញ្ជាក់ថា សកម្មភាពមនុស្សធម៌នាថ្ងៃនេះ គឺជាការឆ្លើយតបទៅនឹងទំនុកចិត្តដែលសប្បុរសជនគ្រប់ មជ្ឈដ្ឋានបានផ្តល់ជូនកាកបាទក្រហមកម្ពុជា និងជាសក្ខីភាពមួយយ៉ាងច្បាស់ដែលបង្ហាញពីតម្លាភាព និងគណនេយ្យភាពរបស់កាកបាទក្រហមកម្ពុជាក្នុងការប្រើប្រាស់ថវិកាដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពបំផុត ដើម្បីជួយសម្រាលទុក្ខលំបាកដល់ជនងាយរងគ្រោះបំផុតនៅតាមសហគមន៍ដែលត្រូវការឱ្យជួយជាចាំបាច់។
ឯកឧត្តម អំពាវនាវដល់បងប្អូនទាំងអស់ចូលរួមកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមិនឆ្លងចំនួន៤រួមមាន ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ តាមរយៈកាត់បន្ថយកុំទទួលទានប្រៃពេក កុំខ្លាញ់ និងកុំផ្អែមពេក, បញ្ឈប់ការជក់បារី និងចៀសវាងការប្រើប្រាស់បារីអេឡិចត្រូនិកដែលកំពុងរីករាលដាលក្នុងស្រទាប់យុវជន, ចូរហាត់ប្រាណឱ្យបានទៀងទាត់និងបរិភោគទឹកឱ្យបានច្រើន។បន្ថែមលើនេះរដូវភ្លៀងចូលមកដល់សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម រក្សាអនាម័យ ត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។
ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតបានថ្លែងអំណរគុណដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយគ្មានការរើសអើង។ សូមជម្រាបថា ក្នុងឱកាសចុះជួបបងប្អូនដែលមានការខ្វះខាតដោយផ្ទាល់តាមខ្នងផ្ទះនេះ ឯកឧត្តម សុខ លូ បានពិនិត្យលទ្ធភាពជួសជុលផ្ទះដែលទ្រុឌទ្រោមនិងសាងសង់ផ្ទះថ្មីជូនគ្រួសារមានសមាជិកច្រើនដែលបានរងគ្រោះដោយអគ្គិភ័យកាលពីពេលមុន៕

