ឯកឧត្ដម ម៉ែន សាម៉ន នាំយកសារលិខិតរំលែកមរណទុក្ខរបស់ក្រសួងព័ត៌មាន ជូនគ្រួសារសពលោក ឡង់ ហាប់ នៅខេត្តព្រៃវែង

ខេត្ត​ព្រៃវែង៖ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចំពោះសុខទុក្ខមន្ត្រីក្រោមឱវាទ, ឯកឧត្ដម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង បានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី នាំយកសារលិខិតរំលែកមរណទុក្ខ របស់ក្រសួងព័ត៌មាន ទៅប្រគល់ជូន លោក កៅ មនោ និងលោកស្រី ផាត់ សាម៉េត ព្រមទាំងក្រុមគ្រួសារសព។

​តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ឯកឧត្ដម ម៉ែន សាម៉ន បានសម្តែងនូវសេចក្ដីក្ដុកក្ដួល និងសោកស្តាយយ៉ាងក្រៃលែង ក្រោយទទួលដំណឹងដ៏ក្រៀមក្រំថា លោក ឡង់ ហាប់ អនុប្រធានការិយាល័យនៃមន្ទីរព័ត៌មានខេត្តព្រៃវែង ត្រូវជាកូនប្រុសរបស់ លោក កៅ មនោ និងលោកស្រី ផាត់ សាម៉េត បានទទួលមរណភាព នាថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៥៦ឆ្នាំ ដោយរោគាពាធ។

​ក្នុងវេលាប្រកបដោយក្តីវិយោគ និងសេចក្តីសោកសង្រេងនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងអស់គ្នា សូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក និងសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយ លោក កៅ មនោ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ឡង់ ហាប់ សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

​ក្រុមគ្រួសារនៃសព ក៏បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការ ដែលបានយកចិត្តទុកដាក់ ចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចុះសួរសុខទុក្ខ ក៏ដូចជាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពដោយផ្ទាល់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *