ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៧៣គ្រួសារ ក្នុងស្រុកចំការលើ ទទួលបានអំណោយមនុស្សធម៌ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា

(កំពង់ចាម)៖ នៅព្រឹក ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមដំណើរដោយឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណ:កម្មាធិការសាខា លោក បណ្ឌិត សំ ពិសិដ្ឋ ប្រធានអនុសាខាស្រុក រួមនឹងក្រុមការងារ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ៧៣គ្រួសាររស់នៅក្នុង ១២ភូមិ ក្នុងឃុំចំនួន ៤ រួមមាន: ឃុំស្វាយទាប ៦ភូមិ ឃុំស្ពឺ ១ភូមិ ឃុំល្វាលើ ៣ភូមិ និងឃុំជយោ ២ភូមិ ក្នុងស្រុកចំការលើ។

សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ១០យប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៣៥ខ្នង ក្នុង ឃុំទាំង ៤ ត្រូវ របើកសង្កសី និងរបើកក្បឿង រងផលប៉ះពាល់កម្រិតធ្ងន់ មធ្យមនិង ស្រាល។

ក្នុងឳកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ។ ឯកឧត្តម បាននាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបី សម្តេច មិនបានអញ្ជើញមកផ្ទាល់ ក៏លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត។ ក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួលក្នុងរដូវវស្សា នេះ ត្រូវអនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព អោយបានល្អ តាមទិសស្លោក “ស្រឡាញ់ខ្លួន អោយស្ងួនចំណី ” ជៀសអោយផុតពីជម្ងឺមិនឆ្លងទាំង៤ និង សូមចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងអាកាសធាតុ ។ ជាមួយនោះ ខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូល លើកកំពស់ជីវភាពក្នុងក្រុមគ្រួសារ។

អំណោយដែលជូន ពលរដ្ឋរងផលប៉ះពាល់ទាំង ៣៥គ្រួសារនោះ ក្នុង ១គ្រួសារទទួលបាន : អង្ករ ២៥គក្រ មី១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹក សុីអុីវ ១យួរ ទឹកពិសាប្រណិត វី-អាក់ទីវ ១កេស និងឃីត ១សម្រាប់។
ចំពោះថវិកា បានផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែង រួមមាន :
-ពលរដ្ឋរងផលប៉ះពាល់កម្រិតធ្ងន់ ២គ្រួសារ ជូន ១គ្រួសារ ៤០០.០០០រៀល និង ១គ្រួសារទៀត ៣០០.០០០រៀល ឮ។
-ពលរដ្ឋរងផលប៉ះពាល់ កម្រិតមធ្យម ៦គ្រួសារ ជូន ២គ្រួសារ ២០០.០០០ រៀល និងគ្រួសារផ្សេងទៀត ១០០.០០០រៀល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *