លោក វ៉ា ធីម អភិបាលស្រុកពោធិ៍រៀង ចុះជួបសំណេះសំណាល និងសួរសុខទុក្ខអាជីវករលក់ដូរនៅផ្សារព្រែកតាសរ

ខេត្ត​ព្រៃវែង៖ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ លោក វ៉ា ធីម អភិបាលនៃគណៈអភិបាលស្រុកពោធិ៍រៀង បានដឹកនាំក្រុមការងាររួមមាន លោកស្រីមេឃុំព្រែកតាសរ ក្រុមប្រឹក្សាឃុំ និងមេភូមិ បានចុះជួបសំណេះសំណាល សួរសុខទុក្ខផ្ទាល់ជាមួយបងប្អូនអាជីវករ ដែលកំពុងប្រកបរបរលក់ដូរ នៅក្នុងផ្សារព្រែកតាសរ ស្ថិតក្នុងឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

​ការចុះជួបសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីសុខទុក្ខ ជីវភាពរស់នៅ ក៏ដូចជាការប្រកបរបរទទួលទានប្រចាំថ្ងៃរបស់បងប្អូនអាជីវករ ក្នុងនាមជាថ្នាក់ដឹកនាំមូលដ្ឋានដែលតែងតែយកចិត្តទុកដាក់ និងនៅកៀកជាមួយប្រជាពលរដ្ឋ។ ​នៅក្នុងឱកាសនោះដែរ លោក វ៉ា ធីម បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងបានថ្លែងអំណរគុណដល់បងប្អូនអាជីវករទាំងអស់ដែលបានចូលរួមថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យនៅក្នុងបរិវេណផ្សារបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានផ្តល់នូវការណែនាំ និងការលើកទឹកចិត្តមួយចំនួនដល់អាជីវករ និងអាជ្ញាធរឃុំ-ភូមិ រួមមាន៖ បន្តសហការគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងការលក់ដូរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកទិញ និងអ្នកលក់។ ទុកដាក់កាកសំណល់ និងសំរាមឱ្យមានរបៀបរៀបរយ ដើម្បីការពារបរិស្ថាន និងសុខភាពសាធារណៈនៅក្នុងផ្សារ។ ណែនាំឱ្យអាជ្ញាធរឃុំ និងមេភូមិ ត្រូវបន្តចុះជាប់ និងជួយសម្របសម្រួល ដោះស្រាយរាល់បញ្ហាប្រឈមនានារបស់បងប្អូនអាជីវករឱ្យបានទាន់ពេលវេលា។

​បងប្អូនអាជីវករលក់ដូរនៅក្នុងផ្សារព្រែកតាសរ បានសម្តែងនូវក្តីរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអភិបាលស្រុក និងក្រុមការងារទាំងអស់ ដែលបានចំណាយពេលវលាដ៏មានតម្លៃ ចុះមកសួរសុខទុក្ខ និងផ្តល់ភាពកក់ក្តៅដល់ពួកគាត់ដល់ទីកន្លែងបែបនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *