អបអរសាទរ ពិធីប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់សៀម

(កំពង់ចាម): សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់សៀម ចំនួន១.៤២៣នាក់ ស្ថិតក្នុងឃុំចំនួន៣ នៃស្រុកកំំពង់សៀម ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ដែលពិធីនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្តិភាព ក្រុងកំពង់ចាម។

ក្នុងឱកាសនោះដែរ តំណាងសមាជិកគណបក្សប្រជាជនថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំប្រតិបត្តិ ឱ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និង លក្ខន្តិកៈបទបញ្ជា ផ្ទៃក្នុងរបស់គណបក្សប្រជាជន ជាពិសេសគឺគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ស្ថិតក្នុងបរិយាកាសដ៏រីករាយ ស្និទ្ធស្នាលនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្ដីសោមនស្សរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះបងប្អូនដែលមានស្មារតី និងឆន្ទៈចូលរួមគាំទ្រយ៉ាងក្លៀវក្លា ជាមួយគណបក្សប្រជាជនកម្ពុជា រហូតធ្វើពិធីប្រកាសទទួលស្កាល់នាពេលនេះ។ ទាំងនេះគឺដោយសារការមើលឃើញពីការដឹកនាំត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានបញ្ជាក់ថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ដែលត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អ រាល់សកម្មភាពបក្ស ទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់ នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាង កម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ លើការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ពោលគឺសមាជិកបក្សម្នាក់ រាប់ជាសន្លឹកឆ្នោតបានការ ១សន្លឹក។

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុប្រធានគណបក្ស។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ហេង សួរ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករឭកពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស និង សម្តេចអនុប្រធានទាំង ៥ រូបជូនចំពោះគណៈកម្មាធិការគណបក្សស្រុកកំពង់សៀមនិងសមាជិកគណបក្សទាំងអស់ ក្នុងមនោសញ្ចេតនាស្រលាញ់រាប់អានដ៏ស្មោះស្ម័គ្រនិងជ្រាលជ្រៅជាទីបំផុត។ ថ្នាក់ដឹកនាំកំពូលៗសុទ្ធតែមានអត្តចរិតគំរូគួរឱ្យគោរពស្រឡាញ់ ខណៈដែលសមាជិកគ្រប់លំដាប់ថ្នាក់ប្រកាន់ខ្ជាប់តួនាទី គោលការណ៍ និងលក្ខនិ្តកៈបក្សប្រកបដោយស្មារតីបុរេសកម្ម ជាពិសេសចេះរួមសុខរួមទុក្ខ ពង្រឹងការងារមូលដ្ឋាន និងផ្សព្វផ្សាយពីសច្ចភាព ប្រវត្តិស្នាដៃ និងកម្មវិធីគោលនយោបាយបក្សជាប្រចាំ។

ទន្ទឹមនឹងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សស្រុកកំពង់សៀមដែលបានខិតខំបំពេញតួនាទី ពង្រឹងស្មារតីសមាជិកតាមរយៈអភិក្រម “រក្សាចាស់ បង្កើនថ្មី” ដែលសម្តេចតេជោ និង សម្តេចធិបតី តែងតែរំឭកឯកឧត្តម ហេង សួរ បានរំលេចពីលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងបក្សដែលមានគោលបំណងប្រមូលកំលាំងនៃជនជាតិខ្មែរ ដែលមានឧត្តមគតិស្នេហាជាតិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិងសន្តិភាព មិនប្រកាន់ឋានៈ ជនជាតិ ជំនឿសាសនា អតីតកាលដើម្បីរួមគ្នាការពារសមិទ្ធផលជាតិ និងកសាងកម្ពុជាមួយ, ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *