ព្រៃវែង: នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខត្ត បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ «៦មករា» ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តព្រៃវែង នៅក្រុងព្រៃវែង ខេត្តព្រៃវែង ។
ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តព្រៃវែង សរុប ១ ៣១១ នាក់។
ពិធីសំណេះសំណាលនេះ រៀបចំឡើង ដើម្បីពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន និងជំរុញការងារមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសក្រើនរំលឹកដល់មន្រ្តីឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងការដោះស្រាយបញ្ហាទាំងឡាយ ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា…។

