ខេត្តព្រះសីហនុ: នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនអតីតយុទ្ធជន ដែលរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមន៍អតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនអតីតយុទ្ធជនរបស់យើងដែលរស់នៅទីនេះដែលបានទទួលផ្ទះ និងដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាល ជាពិសេសពីរដ្ឋបាលខេត្តព្រះសីហនុ សូមជូនពរពូមីងមានសុខភាពល្អ ប្រាជ្ញាឈ្លៀសវៃ ទទួលជ័យជំនះគ្រប់ភារកិច្ច។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា កន្លងមកយើងបានផ្តល់កូនឈើ និងសត្វ ជាបន្តបន្ទាប់មាន ដូចជា កូនសាវម៉ាវ ខ្នុរ ដូង ចេក មៀន ស្អំ មាន់ ទា ជាដើម ដើម្បីឱ្យបងប្អូនយកមកធ្វើការដាំដុះ និងចិញ្ចឹមនៅទីនេះតាមគ្រួសារនីមួយៗ ដូច្នេះយើងត្រូវដាំដុះដំណាំរួមផ្សំបន្ថែមទៀត ដើម្បីបង្កើនជីវភាពគ្រួសារឱ្យកាន់តែប្រសើឡើងថែមទៀត។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណដល់បងប្អូនអតីតយុទ្ធជនដែលបានខិតខំបំពេញការងារក្នុងបុព្វហេតុការពារជាតិ មាតុភូមិនាពេលកន្លងមក ហើយបងប្អូនជាប្រតិបត្តិករឈ្នះឈ្នះ ក្នុងកិច្ចការពារជាតិ ហើយគុណបំណាច់របស់អតីតយុទ្ធជនរបស់យើងដែលបានលះបង់កម្លាំងកាយ សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋរហូតកម្ពុជាទទួលបានសុខសន្តិភាព និងការឯកភាពផ្ទៃក្នុង។
សូមជម្រាបជូនថា អំណោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ចែកជូនអតីតយុទ្ធជនចំនួន ៦៧គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកសុទ្ធ១កេស ទឹក Pocarisweat ១កេស មី ១កេស ទឹកត្រី ១យូរ ត្រីងៀតសមុត្រ ១គីឡូក្រាម នុំសណ្តែកដី ១ថង់ និងថរិកាមួយចំនួនទៀត៕

