រដ្ឋបាលខេត្តសៀមរាប រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគម្រប់ព្រះជន្ម ៧៣ យាងចូល ៧៤ព្រះវស្សា

ខេត្តសៀមរាប: នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​ នៃគណៈអភិបាលខេត្ត បានដឹកនាំឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី អភិបាលក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងសិស្សានុសិស្ស រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគម្រប់ព្រះជន្ម ៧៣ យាងចូល ៧៤ ព្រះវស្សា។

‎ការរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ស្របតាមព្រះរាជប្បវេណីពីបុរាណ ដោយចាត់ទុកព្រះរាជពិធីនេះ ជាអាយុវឌ្ឍនមង្គលមួយ ដើម្បីសម្តែងនូវកតញ្ញូតាធម៌ ចំពោះព្រះមហាក្សត្រ ព្រមទាំងថ្វាយព្រះពរសព្ទសាធុការ និងថ្វាយព្រះរាជកុសលជាទីគោរពសក្ការៈ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ និងជាម្លប់ដ៏ត្រជាក់ត្រជុំរបស់ប្រជារាស្ត្រយូរអង្វែងតរៀងទៅ។

‎ក្នុងនាមថ្នាក់ដឹកនាំខេត្តសៀមរាប រួមទាំងមន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធក្រោមឱវាទ និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប សូមក្រាបបង្គំសម្តែងថ្វាយនូវអំណរគុណ ព្រមទាំងគារវកិច្ចប្រកបដោយកតញ្ញូកតវេទីតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជគុណូបការៈ ដែលព្រះអង្គតែងយកអស់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណបំពេញព្រះរាជកិច្ចបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជារាស្ត្រ ប្រកបដោយស្វាមីភក្ដិដ៏ឧត្តុង្គឧត្តមបំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបានចូលរួមចំណែកយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជារាស្ត្រ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឱ្យរីកចម្រើនថ្កុំថ្កើនរុងរឿងជានិរន្តរ៍៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *