ខេត្តព្រៃវែង: នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំព្រះរាជពិធីចម្រើនព្រះជន្មគម្រប់៧៣ យាងចូល ៧៤ព្រះវស្សា ថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហុី ធួក អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត នៅបរិវេណសាលាខេត្តព្រៃវែង។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លានេះ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអានសារលិខិតថ្វាយព្រះពរ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានអត្ថន័យថា ទូលព្រះបង្គំ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុង ខេត្តព្រៃវែង សូមបរមរាជានុញ្ញាតសម្តែងនូវអំណរសាទររំភើបរីករាយយ៉ាងក្រៃលែង ប្រកបដោយស្វាមីភ័ក្តិដ៏ស្មោះស្ម័គ្រថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់៧៣ យាងចូល ៧៤ព្រះវស្សា ដែលនឹងឈានចូលមកដល់នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ ។ ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាតសម្តែងអភិវន្ទន៍កិច្ច ប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះរាជ គុណូបការៈ និងព្រះមហាទិគុណដ៏ថ្លៃថ្លារបស់ ព្រះករុណាអម្ចាស់ជីវិតតម្កល់លើត្បូង ដែលក្រោមព្រះបារមីដ៏ពិសិដ្ឋ របស់ព្រះអង្គ បានប្រោសព្រះរាជទាននូវសុខសន្តិភាព វិបុលភាព ការអភិវឌ្ឍ និងសេចក្តីសុខក្សេមក្សាន្ត សម្រាប់សង្គមជាតិ និងប្រជារាស្ត្រ។ ទន្ទឹមនេះ ព្រះករុណាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គតែងសព្វព្រះរាជហឬទ័យយកអស់កម្លាំង ព្រះកាយពល និងព្រះបញ្ញាញាណ បំពេញព្រះរាជបេសកកម្ម និងព្រះរាជបូជនកិច្ច ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមនៃជាតិមាតុភូមិ ធានាបានយ៉ាងរឹងមាំនូវឯករាជ្យ ឯកភាពជាតិ កិត្យានុភាព អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមជួយប្រោះព្រំសព្ទសាធុការពរបវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះរាជ សុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ ត្រជាក់ត្រជុំសុខដុម សម្រាប់ប្រជារាស្ត្រខ្មែរ ជានិច្ចនិរន្តរ៍៕

