ខេត្តបាត់ដំបង: ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបាត់ដំបង បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរ កងកម្លាំង និងបណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយចំពោះ ជីវភាព សុខភាព និងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជនឱ្យបានកាន់តែល្អប្រសើរឡើង។
ការជំរុញរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា ២០២៦។ ពិធីនេះធ្វើឡើងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការសមាគមស្ថិតក្នុងក្រុងបាត់ដំបង។
ឯកឧត្តម សុខ លូ បាននាំយកប្រសាសន៍ផ្តាំផ្ញើពីសំណាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជនដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃ។
ឯកឧត្តម សុខ លូ មានប្រសាសន៍សង្កត់ធ្ងន់ថា អតីតយុទ្ធជនមានគុណបំណាច់យ៉ាងធំធេងសម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ឯកឧត្តម បានណែនាំដល់អតីតយុទ្ធជន និងនិវត្តជនត្រូវចូលរួមអប់រំកូនចៅឱ្យខិតខំសិក្សារៀនសូត្រ មានស្មាតីជាតិនិយម គាំទ្រផលិតផលខ្មែរ ចៀសឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍។
សូមជម្រាបជូនថា អតីតយុទ្ធជន បានបង្ហាញអារម្មណ៍កក់ក្ដៅដែលទទួលបានការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងតរៀងមកពីរាជរដ្ឋាភិបាល ជាពិសេសពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធ និងនិវត្តជនកម្ពុជា៕

