សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ចូលរួមរំលែកមរណទុក្ខ គ្រួសារសពវីរកងទ័ពជូរមុខ១នាក់ នៅឃុំព្រែកក្របៅ ស្រុកកងមាស

ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នំា២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយឯកឧត្ដម នាយកសាខា និងលោក ភោគ សាវុធ ប្រធានអនុសាខាស្រុក និងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌ ទៅសូរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខគ្រួសារសពវីរកងទ័ពជួរមុខ ឈ្មោះ សុីម ម៉េងលី ភេទប្រុស អាយុ៤០ ឆ្នាំ មានទីលំនៅៗ ភូមិទឹកចេញ ឃុំព្រែកក្របៅ ស្រុកកងមាស ដែលបានទទួលមរណភាពនៅទ៏តាំងឈរជើងទិសអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៦ ដោយជម្ងឺគាំងបេះដូង។

សូមបញ្ជាក់ថា វីរយុទ្ធជន សុីម ម៉េងលី ជានាយក្រុម ៣ អនុសេនាតូចដឹកជញ្ជូន នៃកងពលធំអន្តរាគមន៍លេខ ២ មានឪពុកម្តាយដែលនៅរស់ តែមានវ័យ ចាស់ជរា កំពុងជួបលំបាកជីវភាព។ ក្រោយមកទទួលមរណភាព សព វីរយុទ្ធជន សុីម ម៉េងលី ត្រូវបានកងពល បញ្ជូនមកស្រុកកំណើត ហើយបានរៀបចំបូជាតាមប្រពៃណីសាសនា ក្រោមការយកចិត្តទុកដាក់ជួយជ្រោមជ្រែងពីអង្គភាពផ្ទាល់ រួមជាមួយ រដ្ឋបាលមូលដ្ឋានស្រុក ឃុំ និងសប្បុរសជននានា។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងការសោកស្តាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ កូនប្រុសជាទី ស្រឡាញ់របស់ខ្លួន ដោយការលះបង់ជីវិតដើម្បីបុព្វហេតុការពារបូរណភាព ទឹកដី ហើយ ឧទ្ទិសបូងសួងសូមអោយវិញ្ញាណក្ខ័ន្ធ វីរយុទ្ធជន សុីម ម៉េងលី បានយោនកំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។ ឯកឧត្តមប្រធានគណ:កម្មាធិការសាខា បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និង ចូលរួមរំលែកមរណៈទុក្ខ យ៉ាងក្រៀមក្រំបំផុត ពី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែគិតគូរ ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេស ជនរងគ្រោះ ដោយមហន្តរាយ វិបត្តិភ័យផ្សេងៗ រួមទាំងគ្រូសារវីរកងទ័ពជូរមុខ ក៏ដូចជាជនភៀសសឹក ដោយមិនរើសអើង ហើយតែងបានចាត់តំណាងរបស់លោក អោយចុះអន្តរាគមន៍ នាំយកជំនួយសង្រ្គោះបន្ទាន់ ឬ សម្ភារ និងបច្ច័យចូលបុណ្យសព ឬ ផ្តល់ជូនគ្រួសាររងគ្រោះ បានទាន់ពេលវេលា តាមទិសស្លោក ” កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា និង មិនទុកនរណាម្នាក់ចោល “។

ឯកឧត្តម អ៊ុន ចាន់ថា ក៏បានក្រើនរំលឹកអោយបងប្អូនប្រជាពលរដ្ឋ លើកកំពស់ការថែរក្សាអនាម័យលំនៅដ្ឋាន ខិតខំថែទាំសុខភាពអោយបានល្អ តាមទិសស្លោក ” ស្រឡាញ់ខ្លួន អោយស្ងួនចំណី ” និង ចូលរួមពង្រឹងសហគមន៍ អោយមានភាពធន់នឹងការប្រែប្រួលអាកាសធាតុនេះ។

អំណោយមនុស្សធម៌ដែលសាខា បានផ្តល់ជូន រួមមាន ៖ អង្ករ ៥០គក្រ មី ២កេស ,ត្រីខ ២០កំប៉ុង , ទឹកត្រី ២យួរ ទឹកសុីអុីវ ២យូរ ទឹកពិសាប្រណិត v-active ២កេស និង ថវិកាចំនួន ៣.០០០ ០០០រៀល ក្នុងនេះ ថវិកាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ចំនួន ២.០០០.០០០រៀល ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *